Fresh Exclusive: ដូណាល់ ត្រាំ «ផ្តល់ឱកាសចុងក្រោយ» ដល់អ៉ីរ៉ង់៖ តើសហរដ្ឋអាមេរិកពិតជានឹងវាយប្រហារ ទ្រង់ទ្រាយធំមកលើអ៉ីរ៉ង់មែនឬ? (Video inside)
04-08-2026 15:28
(ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក បានបោះសម្តីព្រមាន «ផ្តល់ឱកាសចុងក្រោយ» ដល់អ៊ីរ៉ង់សាជាថ្មី ក្រោមសង្គ្រាមបានអូសបន្លាយរយៈពេល៥ខែរួចមកនេះ។ សម្តីព្រមាននេះ បាននាំឱ្យមាន ក្តីបារម្ភខ្លាចក្រែងវិបត្តិក្នុងមជ្ឈិមបូព៌ា នឹងរាលដាលកាន់តែធំដែលគេមិនអាចគ្រប់គ្រងបាន។
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយពិនិត្យជុំវិញបញ្ហានេះ ដើម្បីចង់ដឹងថាតើការព្រមាន «ឱកាសចុងក្រោយ» នេះ ពិតជាសញ្ញានៃការវាយប្រហារទ្រង់ទ្រាយធំមែនដែរឬទេ?
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានច្រើនដងនូវពាក្យ «កម្ទេច», «ឱសានវាទចុងក្រោយ» ឬថា «លុបបំបាត់អ៊ីរ៉ង់» ជាដើម ក្នុងការធ្វើសង្គ្រាមចាប់តាំងពីដើមខែកុម្ភៈឆ្នាំ២០២៦នេះមក។
ក្នុងសប្តាហ៍នេះ លោក ត្រាំបានព្រមានដល់អ៊ីរ៉ង់ទៀតថា «នេះជាឱកាសចុងក្រោយ!» ដល់ ក្រុងតេហេរ៉ង់ថែមទៀត។
សម្រាប់អ្នកដែលតាមដានសង្គ្រាមអាមេរិក–អ៊ីរ៉ង់ ពាក្យនេះមិនមែនជារឿងថ្មីទេ។ ព្រោះក្នុងរយៈពេលប្រាំខែកន្លងមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើពាក្យ “Last Chance” ឬភាសាប្រហាក់ប្រហែលគ្នានេះ យ៉ាងហោច៧ដងរួចមកហើយ ដើម្បីដាក់សម្ពាធលើទីក្រុងតេហេរ៉ង់។ រាល់លើក សម្តីព្រមាន តែងអមដោយការគំរាមវាយប្រហារ ការកំណត់ពេលវេលាចុងក្រោយ និងការព្រមានអំពីការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ប្រសិនបើអ៊ីរ៉ង់មិនព្រមទទួលយកលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោន។
ប៉ុន្តែ ស្ទើររាល់លើកដែរ ការព្រមានទាំងនោះ មិនបាននាំទៅរកការវាយប្រហារទ្រង់ទ្រាយធំដូចដែលបានប្រកាសទុកជាមុនឡើយ។ ផ្ទុយទៅវិញ វាតែងតែបញ្ចប់ដោយការផ្អាកប្រតិបត្តិការ ការពន្យារពេល ឬការប្រកាសថា ការចរចាកំពុងបន្ត។ លើកនេះ ក៏មិនខុសគ្នាដែរ។ លោក ត្រាំ បានអះអាងថា អ៊ីរ៉ង់កំពុងស្ថិតក្នុង «ឱកាសចុងក្រោយ» ដើម្បីសម្រេចកិច្ចព្រមព្រៀង ខណៈ អ៊ីរ៉ង់បដិសេធថា មិនមានការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកឡើយ។ ទន្ទឹមនឹងនេះ CNN បានរាយការណ៍ថា កងទ័ពអាមេរិកកំពុងស្វែងរក «គំនិតច្នៃប្រឌិត និងមិនធម្មតា» ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ បន្ទាប់ពីជម្រើសយោធាដែលមានស្រាប់ មិនទាន់សម្រេចគោលដៅរបស់ខ្លួនឡើយ។
ដូច្នេះ សំណួរសំខាន់លែងស្ថិតនៅត្រង់ថា «តើលោក ដូណាល់ ត្រាំ នឹងវាយអ៊ីរ៉ង់ដែរឬទេ?» នោះទៀតហើយ។ សំណួរដែលសមនឹងការវិភាគជាងគេ គឺ៖ ហេតុអ្វីបានជាលោក ត្រាំ បន្តប្រើការភាសាព្រមាន “Last Chance” ម្តងហើយម្តងទៀត? ហើយតើការព្រមានលើកនេះ ខុសពីលើកមុន ដែរឬទេ?
*សម្តីព្រមាន«Last Chance» នេះ មិនមែនជាពាក្យថ្មីទេ
ប្រសិនបើមើលតែសេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោក ដូណាល់ ត្រាំ មនុស្សជាច្រើនអាចយល់ថា សហរដ្ឋអាមេរិកកំពុងឈានទៅរកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់។ ប៉ុន្តែ បើត្រឡប់ទៅមើលការវិវត្តនៃសង្គ្រាមចាប់តាំងពីវាផ្ទុះឡើង គេនឹងឃើញថា ការព្រមានលើកនេះ ស្ថិតនៅក្នុងគំរូដដែលដែលបានកើតឡើងជាបន្តបន្ទាប់។
ក្នុងរយៈពេលប្រាំខែកន្លងមក លោក ត្រាំ បានប្រើភាសាដែលមានទម្ងន់ខ្លាំងជាច្រើនលើក។ ពេលខ្លះ លោកកំណត់ឱសានវាទ ៤៨ ម៉ោង ដើម្បីឱ្យអ៊ីរ៉ង់បើកច្រក Hormuz ឡើងវិញ។ ពេលខ្លះ លោកព្រមានថា នឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងមូលដ្ឋានយោធាសំខាន់ៗ។ នៅពេលផ្សេងទៀត លោកថែមទាំងប្រើពាក្យថា អ៊ីរ៉ង់កំពុងទទួលបាន «ឱកាសចុងក្រោយមុនការកាត់ក្បាល»ថែមទៀត "I want to give them every last chance before decapitation." ។ ហើយពេលនេះ ពាក្យ «Last Chance» បានត្រឡប់មកវិញម្ដងទៀតសាជាថ្មី។
ប៉ុន្តែ បើមើលលទ្ធផលជាក់ស្តែង សម្តីព្រមានស្រដៀងគ្នានេះ ស្ទើរតែមិនផ្លាស់ប្តូរឡើយ។ ក្រោយការព្រមាន កងទ័ពអាមេរិកតែងតែត្រៀមផែនការយោធា។ បន្ទាប់មក វិញក៏មានការប្រកាសថា ការចរចាកំពុងបន្ត ឬការវាយប្រហារត្រូវបានផ្អាក។ អ៊ីរ៉ង់បដិសេធថា មិនមានការចរចាដោយផ្ទាល់ជាមួយអាមេរិក ហើយជម្លោះបន្តទៅមុខដោយមិនឈានដល់ការប្រឈមមុខពេញលេញដូចការគំរាមទុកជាមុន។
និយាយម្យ៉ាងទៀត បើវាស់ត្រឹមសម្តី «Last Chance» តែមួយមុខ ការព្រមានលើកនេះ មិនទាន់បង្ហាញការផ្លាស់ប្តូរយុទ្ធសាស្ត្រណាមួយពីលើកមុនឡើយ។ អ្វីដែលគួរត្រូវតាមដាន មិនមែនជាពាក្យពេចន៍ទេ ប៉ុន្តែគឺថា តើមានសញ្ញាណាខ្លះដែលបង្ហាញថា សហរដ្ឋអាមេរិកបានផ្លាស់ប្តូរជម្រើសយុទ្ធសាស្ត្ររបស់ខ្លួនឬនៅ។
*ហេតុអ្វីការគំរាម មិនទាន់ក្លាយជាសង្គ្រាមទ្រង់ទ្រាយធំ?
ចម្លើយមួយ អាចរកឃើញនៅក្នុងសេចក្តីរាយការណ៍ថ្មីរបស់ CNN។ ផ្ទុយពីការផ្តោតលើសម្តី ព្រមានរបស់លោក ត្រាំ CNN បានបង្ហាញពីអ្វីដែលកំពុងកើតឡើងនៅខាងក្នុងយោធាអាមេរិកវិញ។ របាយការណ៍ បានបង្ហាញថា មេបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានស្នើឱ្យមន្ត្រីវិភាគ និងមន្ត្រីយោធា ផ្តល់ «គំនិតច្នៃប្រឌិត និងមិនធម្មតា» ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់។
ការស្នើបែបនេះ មិនមែនជានីតិវិធី ដែលគេឃើញញឹកញាប់នោះទេ។ ផ្ទុយទៅវិញ វាបង្ហាញថា យុទ្ធសាស្ត្រដែលបានប្រើអស់រយៈពេលជាច្រើនខែកន្លងមក នៅមិនទាន់សម្រេចគោលដៅដូចដែលទីក្រុងវ៉ាស៊ីនតោនរំពឹងទុកឡើយ។ ទោះបីសហរដ្ឋអាមេរិក បានប្រើការវាយប្រហារតាមអាកាស ការបិទផ្លូវសមុទ្រ និងសម្ពាធសេដ្ឋកិច្ចជាបន្តបន្ទាប់ក៏ដោយ អ៊ីរ៉ង់នៅតែបន្តទប់ទល់ និងមិនទាន់ទទួលយកលក្ខខណ្ឌដែលអាមេរិកចង់បានឡើយ។
ជាងនេះទៅទៀត CNN បានដកស្រង់ការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងមេដឹកនាំយោធាអាមេរិកថា ការវាយប្រហារតាមអាកាសតែមួយមុខ មានដែនកំណត់។ ចំណែកការបញ្ជូនទ័ពជើងគោកវិញ មានហានិភ័យខ្ពស់ទាំងផ្នែកយោធា និងនយោបាយ។ នេះមានន័យថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់មួយ ពីព្រោះជម្រើសណាមួយក៏ដោយ ក៏ត្រូវបង់ថ្លៃដើមខ្ពស់ដែរ។
ដូច្នេះ ការព្រមាន «Last Chance» លើកនេះ អាចមិនមែនជាសញ្ញាថាសង្គ្រាមធំជិតផ្ទុះនោះទេ។ ផ្ទុយទៅវិញ វាក៏អាចជាការបន្តប្រើសម្ពាធនយោបាយ និងផ្លូវចិត្ត ដើម្បីសាកល្បងថា តើអ៊ីរ៉ង់ នឹងផ្លាស់ប្តូរជំហរដែរឬទេ ខណៈសហរដ្ឋអាមេរិកខ្លួនឯងក៏កំពុងស្វែងរកជម្រើសថ្មីដែលអាចមានប្រសិទ្ធភាពជាងមុនដែរ។
*អ៊ីរ៉ង់នៅតែមានសមត្ថភាពទប់ទល់៖ ហេតុអ្វីសម្ពាធរបស់អាមេរិកមិនទាន់សម្រេចគោលដៅ?
មូលហេតុមួយទៀតដែលធ្វើឱ្យការព្រមានរបស់លោក ដូណាល់ ត្រាំ មិនទាន់បម្លែងទៅជាការវាយប្រហារទ្រង់ទ្រាយធំ គឺដោយសារអ៊ីរ៉ង់ នៅតែរក្សាបាននូវសមត្ថភាពឆ្លើយតប និងការបង្កើតសម្ពាធក្នុងតំបន់ ទោះបីប្រឈមនឹងការវាយប្រហារ និងទណ្ឌកម្មជាបន្តបន្ទាប់ក៏ដោយ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការវិវត្តជាច្រើនបានបង្ហាញថា សង្គ្រាមលែងកំណត់ត្រឹមទឹកដីអ៊ីរ៉ង់ទៀតហើយ ប៉ុន្តែបានរាលដាលទៅកាន់ផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតរបស់ពិភពលោក។ ទីក្រុងតេហេរ៉ង់ បានបញ្ជាក់ថា ខ្លួនកំពុងពិភាក្សាជាមួយប្រទេសអូម៉ង់ អំពីការបង្កើតផ្លូវសមុទ្របណ្តោះអាសន្ននៅច្រក Hormuz ខណៈការវាយប្រហារលើនាវាពាណិជ្ជកម្មនៅតំបន់នោះ នៅតែបន្តកើតមាន។
មិនត្រឹមតែច្រក Hormuz ប៉ុណ្ណោះទេ។ នៅសមុទ្រក្រហម ក្រុម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រកាសបិទផ្លូវដឹកជញ្ជូនរបស់អារ៉ាប៊ីសាអូឌីតតាមច្រក Bab al-Mandeb។ ជាលទ្ធផល នាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីត យ៉ាងហោចណាស់ប្រាំមួយគ្រឿង ត្រូវប្តូរផ្លូវជុំវិញទ្វីបអាហ្វ្រិក ដែលបន្ថែមទាំងពេលវេលា និងថ្លៃដើមដឹកជញ្ជូន។ CNN បានរាយការណ៍ថា ការរំខានត្រឹមច្រកសមុទ្រមួយ ក៏អាចមានផលប៉ះពាល់យ៉ាងធំដល់ការផ្គត់ផ្គង់ប្រេង និងពាណិជ្ជកម្មពិភពលោក។
ការវិវត្តទាំងនេះ បង្ហាញថា អ៊ីរ៉ង់ មិនចាំបាច់ប្រឈមមុខដោយផ្ទាល់ជាមួយកងទ័ពអាមេរិក ដើម្បីបង្កើតសម្ពាធនោះទេ។ តាមរយៈភូមិសាស្ត្រ បណ្តាញសម្ព័ន្ធមិត្តក្នុងតំបន់ និងឥទ្ធិពលលើផ្លូវដឹកជញ្ជូនថាមពល អ៊ីរ៉ង់នៅតែអាចបង្កើនថ្លៃដើមសេដ្ឋកិច្ច និងនយោបាយសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
នេះហើយជាហេតុផលដែលធ្វើឱ្យសង្គ្រាមនេះ ខុសពីសង្គ្រាមប្រពៃណី។ វាមិនមែនជាការប្រកួតកម្លាំងយោធាតែមួយមុខទេ ប៉ុន្តែជាការប្រកួតលើសមត្ថភាពក្នុងការគ្រប់គ្រងសម្ពាធសេដ្ឋកិច្ច ថាមពល និងភូមិសាស្ត្រនយោបាយ។
*តើការព្រមានលើកនេះ ខុសពីលើកមុនដែរឬទេ?
បើវាស់ត្រឹមពាក្យសម្តី ចម្លើយគឺ មិនទាន់មានភាពខុសគ្នាច្បាស់លាស់ទេ។ ពាក្យ «Last Chance» ក៏ដូចជាការគំរាមវាយប្រហារ ឬការកំណត់ឱសានវាទ គឺជាភាសាដែលលោក ដូណាល់ ត្រាំ បានប្រើជាច្រើនលើករួចមកហើយ។
ប៉ុន្តែ បើវាស់តាមបរិបទយុទ្ធសាស្ត្រ ស្ថានភាពលើកនេះ មានចំណុចថ្មីមួយដែលមិនគួរមើលរំលង។ នោះគឺ ការទទួលស្គាល់ដោយប្រយោលថា ជម្រើសដែលសហរដ្ឋអាមេរិកបានប្រើអស់រយៈពេលប្រាំខែកន្លងមក មិនទាន់អាចសម្រេចគោលដៅបាន។ ការដែល CENTCOM ស្វែងរក «គំនិតច្នៃប្រឌិត និងមិនធម្មតា» មិនមែនជាសញ្ញានៃការត្រៀមវាយប្រហារភ្លាមៗទេ ប៉ុន្តែជាសញ្ញាបង្ហាញថា ការគិតគូរយុទ្ធសាស្ត្រ កំពុងឈានចូលដំណាក់កាលថ្មី។
ស្របពេលជាមួយគ្នានេះ លោក ត្រាំ ក៏កំពុងប្រឈមសម្ពាធនយោបាយនៅក្នុងស្រុកផងដែរ។ ការកើនឡើងនៃតម្លៃថាមពល ការរិះគន់ពីគណបក្សប្រជាធិបតេយ្យ និងការធ្លាក់ចុះនៃប្រជាប្រិយភាព សុទ្ធតែធ្វើឱ្យការសម្រេចចិត្តបើកសង្គ្រាមទ្រង់ទ្រាយធំ ក្លាយជាបញ្ហាស្មុគស្មាញជាងមុន។ ជម្រើសនីមួយៗ មិនថាវាយ បន្តចរចា ឬរក្សាស្ថានភាពបច្ចុប្បន្ន សុទ្ធតែមានថ្លៃដើមនយោបាយ និងយោធារៀងៗខ្លួន។
ដូច្នេះ ការព្រមានលើកនេះ អាចមានសារៈសំខាន់ មិនមែនដោយសារពាក្យ «Last Chance» នោះទេ ប៉ុន្តែដោយសារវាបង្ហាញថា ភាគីទាំងពីរកំពុងឈានដល់ដំណាក់កាលដែលការបន្តយុទ្ធសាស្ត្រចាស់ៗ អាចលែងផ្តល់លទ្ធផលដូចការរំពឹងទុក។
សេចក្តីសន្និដ្ឋាន៖
ក្នុងរយៈពេលប្រាំខែនៃសង្គ្រាម អ្វីដែលកើតឡើងម្តងហើយម្តងទៀត គឺការព្រមាន ការបង្កើនសម្ពាធ ការផ្អាកប្រតិបត្តិការ និងការបើកផ្លូវ ឱ្យមានការចរចា។ ដូច្នេះ ពាក្យ «Last Chance» បានក្លាយជាផ្នែកមួយនៃគំរូនៃការដាក់សម្ពាធរបស់លោក ដូណាល់ ត្រាំ ជាជាងជាសញ្ញាច្បាស់លាស់ថា សង្គ្រាមទ្រង់ទ្រាយធំ នឹងផ្ទុះឡើងភ្លាមៗ។
ប៉ុន្តែ នោះមិនមានន័យថា ហានិភ័យនៃការប្រឈមមុខបានរសាយបាត់នោះទេ។ ផ្ទុយទៅវិញ ការវិវត្តចុងក្រោយបង្ហាញថា សង្គ្រាមអាមេរិក–អ៊ីរ៉ង់ កំពុងឈានចូលដំណាក់កាលដែលការគំរាមកំហែងតែមួយមុខ មិនគ្រប់គ្រាន់សម្រាប់បង្ខំភាគីម្ខាងទៀត ឱ្យប្តូរជំហរទៀតឡើយ។ សហរដ្ឋអាមេរិកកំពុងស្វែងរកជម្រើសយុទ្ធសាស្ត្រថ្មី ខណៈអ៊ីរ៉ង់ក៏នៅតែបង្ហាញសមត្ថភាពបង្កើតសម្ពាធ តាមរយៈទីតាំងភូមិសាស្ត្រ បណ្តាញសម្ព័ន្ធមិត្ត និងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។
ដូច្នេះ សំណួរដែលពិភពលោកគួរតាមដាននៅពេលនេះ មិនមែនត្រឹមថា «តើលោក ដូណាល់ ត្រាំ នឹងវាយអ៊ីរ៉ង់ឬទេ?» នោះទេ ប៉ុន្តែគឺ៖ តើសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចបំបែកភាពជាប់គាំងនៃការប្រឈមមុខ ដែលបានអូសបន្លាយអស់រយៈពេលប្រាំខែមកនេះ ដើម្បីឈានទៅរកដំណោះស្រាយនយោបាយបានដែរឬទេ? ប្រសិនបើចម្លើយនៅតែមិនទាន់មាន នោះពាក្យ «Last Chance» ប្រហែលជាមិនមែនជា «ឱកាសចុងក្រោយ» ពិតប្រាកដទេ ប៉ុន្តែអាចគ្រាន់តែជាការព្រមានមួយទៀត នៅក្នុងសង្គ្រាមដែលមិនទាន់រកឃើញផ្លូវបញ្ចប់៕




















