រដ្ឋមន្ត្រីព័ត៌មាន វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ VNA ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរកម្ពុជា-វៀតណាម
04-08-2026 15:33
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកម្ពុជា និងការរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ប្រកបដោយវិជ្ជាជីវៈ ភាពត្រឹមត្រូវ និងការទទួលខុសត្រូវខ្ពស់។
ការវាយតម្លៃរបស់រដ្ឋមន្ត្រីត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ្វិញ វ៉ាន់ថាវ (Huynh Van Thao) ប្រធានការិយាល័យតំណាងទីVNA ប្រចាំកម្ពុជា អាណត្តិចាស់ ដែលបានបញ្ចប់បេសកកម្មការងារ និងចូលជម្រាបលា ព្រមទាំងបានទទួលស្វាគមន៍លោក ដូ ហ៊ុយ ប៊ិញ(Do Huy Binh) ដែលត្រូវបានតែងតាំងជាប្រធានការិយាល័យតំណាង VNA ប្រចាំកម្ពុជា អាណត្តិថ្មី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។
ក្នុងជំនួបនេះក៏មានការពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងការផ្លាស់ប្តូរព័ត៌មានរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានកម្ពុជា និង VNA បានរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាយូរមកហើយ តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍វិជ្ជាជីវៈ ការបណ្តុះបណ្តាលធនធានមនុស្ស និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវិស័យសារព័ត៌មាន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញក្តីរំពឹងថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ស្របតាមការវិវឌ្ឍន៍នៃបច្ចេកវិទ្យាឌីជីថល និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបរិយាកាសព័ត៌មាន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានដែលមានភាពត្រឹមត្រូវ ឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយការទទួលខុសត្រូវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជន និងរួមចំណែកប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកំពុងក្លាយជាបញ្ហាប្រឈមដ៏ធំក្នុងយុគសម័យឌីជីថល។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រសួងព័ត៌មានកម្ពុជា និងក្រសួងទេសចរណ៍វៀតណាម ដែលទទួលបន្ទុកវិស័យព័ត៌មាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន។ កិច្ចសហប្រតិបត្តិការនេះបានចាប់ផ្តើមទទួលលទ្ធផលជាក់ស្តែង តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈរវាងភាគីទាំងពីរ។
ជាការឆ្លើយតប លោក ដូ ហ៊ុយ ប៊ិញ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមរដ្ឋមន្ត្រី និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មានកម្ពុជា។
លោកបានអះអាងថា ទីភ្នាក់ងារសារព័ត៌មានវៀតណាមនឹងបន្តផ្សព្វផ្សាយព័ត៌មានអំពីការអភិវឌ្ឍរបស់កម្ពុជា សមិទ្ធផលនានា និងទំនាក់ទំនងមិត្តភាពជាប្រពៃណី ព្រមទាំងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែទូលំទូលាយដល់សាធារណជនវៀតណាម និងអន្តរជាតិ។
លោកបានឱ្យដឹងថា ជាមធ្យមក្នុងមួយខែ ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំនៅកម្ពុជា បានផលិត និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងកម្ពុជាប្រមាណ ១០០អត្ថបទ។ លើសពីនេះ VNA នៅក្នុងប្រទេសវៀតណាម ផ្សាយព័ត៌មានជាច្រើនភាសា រួមមាន ភាសា អង់គ្លេស បារាំង រុស្ស៊ី អេស្ប៉ាញ និងចិន។ ចំពោះព័ត៌មានជាភាសាខ្មែរ VNA បានប្រើប្រាស់ព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងប្រភពព័ត៌មានផ្លូវការផ្សេងៗរបស់កម្ពុជា។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងការកោតសរសើរចំពោះ VNA ដែលបានយកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មានអំពីកម្ពុជា ជាមធ្យមប្រមាណ ១០០ អត្ថបទក្នុងមួយខែ ដោយផ្តោតលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងការអភិវឌ្ឍជាតិ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានរបស់ VNA បានរួមចំណែកឱ្យប្រជាជននៃប្រទេសទាំងពីរ យល់ដឹងកាន់តែច្បាស់អំពីការវិវឌ្ឍស្ថានការណ៍នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់គ្នាទៅវិញទៅមក។ ជាពិសេស ប្រជាជនវៀតណាមក៏ទទួលបានព័ត៌មានអំពីស្ថានការណ៍នៅកម្ពុជា រួមទាំងបញ្ហាពាក់ព័ន្ធនឹងស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបបន្ថែមថា ក្រសួងព័ត៌មានមានប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រួមមាន ទូរទស្សន៍ជាតិកម្ពុជា (TVK) វិទ្យុជាតិកម្ពុជា (RNK) ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងកម្មវិធីទូរស័ព្ទ (App) ដែលជាប្រភពព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាល។ ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ មានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានដែលត្រឹមត្រូវ ទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយជូនប្រជាពលរដ្ឋ ដើម្បីធានាសិទ្ធិទទួលព័ត៌មាន និងជួយឱ្យប្រជាពលរដ្ឋអាចធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានដែលមានភាពជឿជាក់។
លោករដ្ឋមន្ត្រី បានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏ដើរតួនាទីជាស្ពានតភ្ជាប់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោយនាំយកគោលនយោបាយ និងព័ត៌មានរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាជន ព្រមទាំងនាំយកមតិ និងសំណូមពររបស់ប្រជាពលរដ្ឋត្រឡប់មកកាន់រាជរដ្ឋាភិបាលវិញ ដើម្បីរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព៕



















