កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះធ្វើរដ្ឋបាលតាមអគារស្នាក់នៅចំនួន៤ នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេស ៥២នាក់
04-08-2026 17:38
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះខេត្ត សម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន និងលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាលតាមអគារស្នាក់នៅចំនួន៤ទីតាំង រកឃើញជនបរទេសសរុបចំនួន៥២នាក់ ស្រី២៤នាក់ ២សញ្ជាតិ ថៃ៤៦នាក់ស្រី២៣នាក់ និងឥណ្ឌូនេស៊ី៦នាក់ស្រី១នាក់។
ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
របាយការណ៍របស់រដ្ឋបាលខេត្តបានបញ្ជាក់ថា ទីតាំងទាំង៤រួមមាន៖
*ទីតាំងទី១(ម្ចាស់ សែ លាងស៊ីម) អគារកម្ពស់៧ជាន់ ៥៨បន្ទប់ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានជនជាតិថៃស្នាក់នៅចំនួន៤៦នាក់ស្រី២៣នាក់ បម្រើការងារនៅកាស៊ីណូ ហូលីដេ ។ ទីតាំងពុំមានសម្ភារសង្ស័យ និងបានអប់រំ។
*ទីតាំងទី២(ម្ចាស់ ហា សួង) អគារកម្ពស់១១ជាន់ ៤៦បន្ទប់ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពុំមានជនបរទេស ពុំមានសម្ភារសង្ស័យ និងបានអប់រំ។
*ទីតាំងទី៣ (ម្ចាស់ ឆែម ហ៊ាងលី) អគារកម្ពស់៥ជាន់ ៩៧បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
ពុំមានជនបរទេស ពុំមានសម្ភារសង្ស័យ និងបានអប់រំ។
*ទីតាំងទី៤ (ម្ចាស់ វ៉ាលីតេក) ផ្ទះ២ល្វែង កម្ពស់៣ជាន់ ១០បន្ទប់ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយរកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ ស្រី១នាក់ មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ មានកាតជាប់ខ្លួនបញ្ជាក់ថាជាបុគ្គលិកបម្រើការងារនៅកាស៊ីណូស្ដារហ្គោល។ ក្រុមការងារបានបន្ដពិនិត្យឃើញទូរសព្ទដៃមួយចំនួន កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើកោសល្យវិច្ច័យលើទូរសព្ទជាក់ស្ដែងនៅទីតាំង ពិនិត្យឃើញថា ទូរសព្ទពុំមានទិន្នន័យសម្រាប់ធ្វើការសន្និដ្ឋានទេ។
ក្រុមការងារបានអប់រំម្ចាស់ទីតាំងអំពីច្បាប់ និងបានផាកពិន័យម្ចាស់ទីតាំងករណីខកខានមិនបានរាយការណ៍ពីវត្តមានជនបរទេសស្នាក់នៅទីតាំងរបស់ខ្លួន៕

































