កម្ពុជា និងបណ្ដារដ្ឋសហគមន៍អាស៊ាន បើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៤៧ ស្តីពីបញ្ហាគ្រឿងញៀន

04-08-2026 17:58

(ភ្នំពេញ)៖ នាយឧត្តមសេនីយ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានប្រតិភូបានដឹកនាំប្រតិភូកម្ពុជា នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានចូលរួមនៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន លើកទី៤៧ ស្តីពីបញ្ហាគ្រឿងញៀន និងកិច្ចប្រជុំពាក់ព័ន្ធ (47TH ASEAN Senior Officials Meeting on Drug Matters and Its Related Meeting)។

កិច្ចប្រជុំនេះ ជាកិច្ចប្រជុំពីចម្ងាយ Zoom ដែលប្រទេសថៃជាម្ចាស់ផ្ទះរៀបចំ ដោយមានការអញ្ជើញចូលរួមពីបណ្ដារដ្ឋទាំង១១ នៃសហគមន៍ប្រជាជាតិអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។

ក្នុងនាមភាគីកម្ពុជា នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី ប្រធានគណៈប្រតិភូ តំណាងរដ្ឋសមាជិកអាស៊ានទាំងអស់ លេខាធិការដ្ឋានអាស៊ាន និងអ្នកចូលរួមទាំងអស់នៃកិច្ចប្រជុំនេះ សូមមានសុខភាពល្អ ទទួលបានជោគជ័យ និងវិបុលភាពក្នុងការបំពេញភារកិច្ច។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំរបស់យើងរយៈពេលពីរថ្ងៃ (៤-៥ ខែសីហា ឆ្នាំ២០២៦) នឹងដំណើរការទៅដោយរលូន និងជោគជ័យ អាចឱ្យយើងអាចពិនិត្យ និងពិភាក្សាអំពីសមិទ្ធផលរបស់យើង ដោយឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងចំណុចដែលត្រូវកែលម្អ ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ជាមួយគ្នា៕