ក្រុមយុវជនស្ម័គ្រចិត្តនៅស្រុកមង្គលបុរី កាន់តែមានភាពជឿជាក់នៅក្នុងការចូលរួមអភិវឌ្ឍសហគមន៍របស់ខ្លួនជាមួយអាជ្ញាធរ
04-08-2026 20:24
(ភ្នំពេញ)៖ ក្រុមយុវជនស្ម័គ្រចិត្តនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាន់តែមានភាពជឿជាក់នៅក្នុងការចូលរួមអភិវឌ្ឍសហគមន៍របស់ខ្លួន និងក្លាយជាកម្លាំងសកម្ម ភ្ជាប់ទំនាក់ទំនងជាមួយអាជ្ញាធរ ក្រោយពីមានការគាំទ្រពីវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ(API)។
លោកស្រី ចាន់ សុខី ប្រធានយុវជនអភិវឌ្ឍសហគមន៍មូលដ្ឋាន ឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានថ្លែងថា មុនពេលបានទទួលការបណ្តុះបណ្តាលពី API លោកស្រីជាពលរដ្ឋធម្មតាម្នាក់ ដែលមិនសូវហ៊ានសួរនាំពីការចំណាយថវិការសាធារណៈ ឬចូលរួមក្នុងកិច្ចការអភិវឌ្ឍក្នុងមូលដ្ឋានទេ ប៉ុន្ដែសព្វថ្ងៃនេះ ក្រុមយុវជនស្ម័គ្រនៅស្រុកមង្គលបុរី កំពុងបំពេញតួនាទីថ្មី គឺលើកកម្ពស់អភិបាលកិច្ចមូលដ្ឋានកាន់តែមានតម្លាភាព និងការទទួលខុសត្រូវខ្ពស់ជាមួយអាជ្ញាធរ។
លោកស្រីមានបញ្ជាក់ថា៖ «ដំបូងឡើយ ខ្ញុំជាប្រជាពលរដ្ឋធម្មតា មិនមែនជាក្រុមស្ម័គ្រចិត្តទេ គឺខ្លាចគេ(អាជ្ញាធរ)។ គេធ្វើអីក៏ធ្វើទៅ អត់ហ៊ានសួរនាំ អត់ចង់ដឹងអីទាំងអស់ គឺធ្វើម៉េចឱ្យតែយើងរស់សុខស្រួល តែដល់ពេលខ្ញុំបានចូលជាក្រុមយុវស្ម័គ្រចិត្ត ហើយមានវគ្គបណ្តុះបណ្តាលជាច្រើន ធ្វើឱ្យខ្ញុំមានចិត្តថា ហ៊ានតស៊ូ ហ៊ានសួរនាំថា ថវិកាមកពីណា ធ្វើអីខ្លះគេស្ដាប្រឡាយទឹកនៅទីណាខ្លះ»។
លោកស្រី ចាន់ សុខី បានលើកឡើងថា ក្រុមយុវជនស្ម័គ្រចិត្តរបស់លោកស្រី បានចូលរួមការពារដីបឹងសាធារណៈដែលជាប្រភពទឹក និងធនធានសម្រាប់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអាស្រ័យផល។ លោកស្រីថា៖«ប្រជាពលរដ្ឋ គាត់បានទទួលផលពីដីបឹងហ្នឹង។ បឹងនោះមានទឹកសម្រាប់ស្រោចដំណាំស្រូវ ហើយគាត់រកត្រី បេះត្រកួន ដកព្រលឹត និងអាស្រ័យផលផ្សេងៗ។ បើយើងមិនចូលរួមទេ យើងអាចបាត់ដីបឹង ហើយប្រជាពលរដ្ឋអត់មានកន្លែងអាស្រ័យផលទៀតទេ ហើយក៏បានចូលរួមផ្សព្វផ្សាយអំពីសេវាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីនីតិវិធីក្នុងការទទួលសេវារដ្ឋ»។
លោកស្រី ធ្លក ឡង់ឌី ប្រធានសហគមន៍ យុវជនរួបរួមសាមគ្គីអភិវឌ្ឍសហគមន៍បានថ្លែងថា ការបណ្តុះបណ្តាលពី API បានជួយឱ្យយុវជនមានភាពក្លាហានក្នុងការធ្វើការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ។ លោកស្រីបានបន្ដថា៖«ការបណ្តុះបណ្តាល គឺយើងបានទទួលចំណេះដឹង និងបទពិសោធន៍ទាក់ទងទៅនឹងការតស៊ូមតិ និងភាពក្លាហាន។ ពីមុនយុវជនភាគច្រើនអត់ហ៊ានធ្វើការនៅក្នុងសហគមន៍ ដោយសារខ្វះភាពក្លាហាន ប៉ុន្តែពេលបានចូលរួមជាមួយ API យើងមានភាពក្លាហានជាងមុន ហ៊ានទំនាក់ទំនងទៅខាងឃុំ ស្រុក និងខេត្ត»។ លើសពីនេះ លោកស្រីថា ការងាររបស់ក្រុមយុវជនបានជួយឱ្យទំនាក់ទំនងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋកាន់តែប្រសើរឡើងតាមរយៈការផ្សព្វផ្សាយអំពីសេវាសាធារណៈ ដូចជាច្រកចេញចូលតែមួយ ការចុះបញ្ជីកំណើត និងសេវារដ្ឋបាលផ្សេងៗ។
លោក ឌួង ពេក ប្រធានក្រុមប្រឹក្សា ឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យបានថ្លែងថា ការចូលរួមរបស់ក្រុមយុវជនដែលគាំទ្រដោយ API បានជួយឃុំក្នុងការទទួលព័ត៌មានពីតម្រូវការរបស់ប្រជាពលរដ្ឋបានកាន់តែច្បាស់។ លោកមានប្រសាសន៍ថា៖«យើងក្នុងនាមជាអង្គភាពឃុំ មិនអាចដើរសម្លឹងអារម្មណ៍របស់មនុស្សបានទាំងអស់ទេ ប៉ុន្តែពេលមានក្រុមយុវជនជួយសម្លឹងមើល និងរាយការណ៍បញ្ហាមក យើងអាចសម្របសម្រួល និងដោះស្រាយជាមួយគ្នាបាន»។
លោកបន្ថែមថា ក្រុមយុវជនបានជួយផ្សព្វផ្សាយបញ្ហាបរិស្ថាន ការផ្តល់សេវាសាធារណៈ និងបញ្ហាប្រឈមរបស់គ្រួសារមួយចំនួនទៅកាន់អាជ្ញាធរ ដើម្បីរកដំណោះស្រាយ។
លោក ឡាំ សុជាតិ នាយកប្រតិបត្តិនៃវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ(API) បានថ្លែងថា ការងាររបស់ API គឺផ្តល់ចំណេះដឹងដល់យុវជនអំពីតួនាទីរបស់រដ្ឋបាលមូលដ្ឋាន សិទ្ធិពលរដ្ឋ ការចូលរួមក្នុងផែនការ និងថវិកាឃុំ-ស្រុក ព្រមទាំងសេវាសាធារណៈ។
លោកថា៖ «យើងបង្រៀនគាត់ថា តើការអភិវឌ្ឍឃុំ អភិវឌ្ឍស្រុកមាននីតិវិធីដំណើរការយ៉ាងម៉េច? តើពលរដ្ឋអាចចូលរួមនៅកន្លែងណា ជំហានណា? ហើយឱ្យគាត់យល់ពីតួនាទីរបស់ក្រុមប្រឹក្សា មេឃុំ និងរដ្ឋបាលមូលដ្ឋាន»។ លើសពីនេះលោកថា យុវជនដែលទទួលការបណ្តុះបណ្តាលបានក្លាយជាអ្នកភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ដោយជួយផ្សព្វផ្សាយព័ត៌មាន និងនាំយកបញ្ហាពីសហគមន៍ទៅពិភាក្សាជាមួយអ្នកពាក់ព័ន្ធ។ លោកថ្លែងថា៖ «គាត់ក្លាយទៅជាយុវជនដែលបម្រើពលរដ្ឋផង បម្រើឃុំផង បម្រើស្រុកផង។ ពេលគាត់ទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ គាត់ក៏យកបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះមកប្រាប់ឃុំស្រុក ដើម្បីរកដំណោះស្រាយ»។
ជាមួយគ្នានេះ លោក ឡាំ សុជាតិ បានបញ្ជាក់ថា API បានបណ្តុះបណ្តាលយុវជនសកម្មជាច្រើនរយនាក់នៅទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងអភិបាលកិច្ចមូលដ្ឋាន បរិស្ថាន និងការអភិវឌ្ឍសហគមន៍។ លោកបន្ថែមថា យុវជនជាក្រុមដែលមានសក្តានុពល ដោយសារពួកគេមានចំណេះដឹង បច្ចេកវិទ្យា និងភាពក្លាហានចូលរួមដោះស្រាយបញ្ហាសង្គម។ ការចូលរួមរបស់យុវជននៅបន្ទាយមានជ័យត្រូវបានមើលឃើញថា ជាគំរូមួយពង្រឹងទំនាក់ទំនងរវាងប្រជាពលរដ្ឋ អាជ្ញាធរ និងសង្គមស៊ីវិល ដើម្បីធ្វើឱ្យការអភិវឌ្ឍមូលដ្ឋានកាន់តែមានការចូលរួម និងឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍។
សូមបញ្ជាក់ថា សហគមន៍ យុវជនអភិវឌ្ឍសហគមន៍មូលដ្ឋាន និងសហគមន៍ យុវជនរួបរួមសាមគ្គីអភិវឌ្ឍសហគមន៍ គឺជាសហគមន៍ ២ ក្នុងចំណោម ១៧៨សហគមន៍ក្រុមងាយរងគ្រោះ ដែលទទួលបានការគាំទ្រពីវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API) តាមរយៈគម្រោង «សំឡេង និងសកម្មភាពប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ក្រោមមូលនិធិពី Bread for the World (BftW) និង DanChurchAid (DCA)។ ក្នុងរយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ API បានរួមចំណែកពង្រឹងសមត្ថភាព និងលើកកម្ពស់សំឡេង របស់សហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍កសិកម្ម និងក្រុមយុវជននៅទូទាំងប្រទេសកម្ពុជា។
ដោយមានការគាំទ្របន្តពី សហភាពអឺរ៉ុប (EU) តាមរយៈ គម្រោង SCOPE PFM របស់ Oxfam, អង្គការ API នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសមត្ថភាពសហគមន៍ និងជំរុញការផ្លាស់ប្តូរប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគមន៍ និងសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង៕










