បេក្ខជនប្រឡងបាក់ឌុប នៅស្រុកទឹកឈូ ទទួលបានអាហារថ្ងៃត្រង់ ផ្ទះសំណាក់ និងផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ

04-08-2026 20:24

(កំពត)៖ លោក អ៉ឹម ច័ន្ទសោធន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូ នាព្រឹកថ្ងៃអង្គារ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមគ្រួសារស.ស.យ.កស្រុក ពិភាក្សាការងាររៀបចំ «យុទ្ធនាការចែករំលែកក្តីស្រឡាញ់» ទៅកាន់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦។

តាមរយៈយុទ្ធនាការនេះ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបានត្រៀមរៀបចំផ្ញើមធ្យោបាយធ្វើដំណើរ (កង់-ម៉ូតូ) របស់បេក្ខជនដោយឥតគិតថ្លៃ ព្រមទាំងត្រៀមទឹកសុទ្ធ ១២០កេស បាយកញ្ចប់ (អាហារថ្ងៃត្រង់) ១ ៨០០កញ្ចប់ ជូនដល់ប្អូនៗបេក្ខជនប្រឡងដែលជួបការលំបាកទាំង៣មណ្ឌល ក្នុងស្រុកទឹកឈូ ខេត្តកំពត។

ជាពិសេស រៀបចំផ្ទះសំណាក់មួយចំនួនក្នុងទីរួមខេត្តកំពត ដើម្បីជួយសម្រួលដល់បេក្ខជនដែលខ្វះខាត មកពីបណ្តាក្រុងស្រុកផ្សេងៗទៀតក្នុងខេត្ត ឲ្យស្នាក់នៅដោយឥតគិតថ្លៃទៀតផង៕