ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ កោតសរសើរក្រុមការងារគូសគំនូសចរាចរណ៍ និងមោទនភាពចំពោះសមត្ថភាពម្ចាស់ការរបស់អង្គភាព
04-08-2026 21:12
(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្តែងនូវការអរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះក្រុមការងារគូសគំនូសចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅក្នុងខេត្ត។
ថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦នេះ លោក សំ លាងទ្រី បានគូសបញ្ជាក់ថា អ្វីដែលធ្វើឱ្យលោកមានមោទនភាព និងសប្បាយរីករាយបំផុតនោះ គឺការមើលឃើញការរីកចម្រើនគួរឱ្យកត់សម្គាល់របស់អង្គភាព។ បច្ចុប្បន្ន មន្ទីរមានទាំងបន្ទប់ពិសោធន៍សំណង់ និងម៉ាស៊ីនគូសគំនូសចរាចរណ៍ផ្ទាល់ខ្លួន ដែលអាចបំពេញការងារបានដោយម្ចាស់ការ ដោយមិនចាំបាច់ពឹងផ្អែកលើអង្គភាពខាងក្រៅដូចកាលពីមុនទៀតឡើយ។
លោកប្រធានមន្ទីរបានបន្តថា ការរីកចម្រើននេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង ការរៀនសូត្រ និងការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីជំនាញ ដែលបានផ្លាស់ប្តូរពីដំណាក់កាល «មិនទាន់ចេះ» រហូតអាចក្លាយជាម្ចាស់ការលើជំនាញ និងប្រតិបត្តិការបានដោយខ្លួនឯង ប្រកបដោយជោគជ័យ។
ជាមួយគ្នានេះ លោកក៏បានថ្លែងលើកទឹកចិត្តដល់មន្ត្រី និងក្រុមការងារទាំងអស់ ឱ្យបន្តរក្សាស្មារតីសាមគ្គីភាព ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ដើម្បីបន្តលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពចរាចរណ៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន៕

















