មន្ទីរព័ត៌មានខេត្តបាត់ដំបង បន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដើម្បីពង្រឹងអក្ខរកម្មព័ត៌មាន

04-08-2026 21:13

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តបាត់ដំបង បានបន្តធ្វើយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» នៅវិទ្យាល័យសង្កែ ស្រុកសង្កែ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ហេង វណ្ណនី អភិបាលរងខេត្តបាត់ដំបង និងលោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង រួមជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក ហេង វណ្ណនី បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សនឹងក្លាយជាយុវជនគំរូក្នុងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសីលធម៌ ជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានពិត និងជាកម្លាំងដ៏សំខាន់ក្នុងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

លោក ហេង វណ្ណនី ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឱ្យបន្តចូលរួមជំរុញការអប់រំ ផ្សព្វផ្សាយ និងណែនាំយុវជនឱ្យចេះប្រើប្រាស់ព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមឱ្យបានត្រឹមត្រូវ ដើម្បីកសាងលំហព័ត៌មានមួយដែលពោរពេញដោយព័ត៌មានពិត គុណភាព សុវត្ថិភាព និងទំនុកចិត្ត។

ជាមួយគ្នានេះ លោក ជា លីសែ បានបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នេះបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តារាជធានីខេត្ត ដើម្បីលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយបណ្តុះបណ្តាលសហគមន៍ ជាពិសេសស្រទាប់យុវជន អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ វិធានការសុវត្ថិភាពឌីជីថល និងការត្រួតពិនិត្យប្រភពព័ត៌មានមុននឹងជឿឬចែករំលែកបន្ត។

លោកបានចែករំលែកវិធីសាស្រ្ត «៣កុំ ១ការពារ» ដល់សិស្សានុសិស្ស គឺបើឃើញព័ត៌មាន កុំទាន់ជឿ កុំទាន់ចែករំលែក កុំប្រហែស និងការពារខ្លួនឯង គ្រួសារ និងសង្គមជាតិ ដោយបង្កើនអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

យុទ្ធនាការនេះមានគោលបំណងការពារសន្តិសុខព័ត៌មាន និងរួមចំណែកការពារសណ្តាប់ធ្នាប់សង្គម ស្ថេរភាព និងកេរ្តិ៍ឈ្មោះជាតិពីការបំផ្លិចបំផ្លាញដោយព័ត៌មានបោកប្រាស់ ញុះញង់ ឬការផ្សព្វផ្សាយខុសពីការពិត។ លោកបានស្នើឱ្យសិស្សានុសិស្សទាំងអស់ធ្វើជាទូតសុឆន្ទៈក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងចូលរួមផ្សព្វផ្សាយព័ត៌មានពិតទាំងអស់គ្នា៕