បុរសដែលបើករថយន្តបុកអ្នករើសអេតចាយស្លាប់នៅក្រុងតាខ្មៅ ចូលខ្លួនសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលហើយ ព្រមទាំងសងសំណងទៅគ្រួសាររងគ្រោះជិត២ម៉ឺនដុល្លា

04-08-2026 21:15

(កណ្ដាល)៖ លោក អុឹង ស៊ុនសេង ម្ចាស់រថយន្តសេរីទំនើប ដែលបានបើកបុកគេស្លាប់នៅម្ដុំរង្វង់មូលតាខ្មៅ បានចូលសារភាពកំហុសនិងសងសំណងទៅគ្រួសារជនរងគ្រោះចំនួន ១,៨៥០០ដុល្លាអាមេរិក ហើយក៍ចូលខ្លួនសារភាពចំពោះមុខមន្ត្រីនគរបាលនៃការិយាល័យចរាចរណ៍ខេត្តកណ្ដាលផងដែរនាល្ងាចថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២៦នេះ ។

តំណាងគ្រួសារបានឲ្យដឹងថា លោកមិនមានចេតនាក្នុងការប៉ះពារគេទេ ប៉ុន្តែដោយសារតែមានឧបសគ្គពេលវ៉ាជែងទើបជួបគ្រោះអកុសលដែលនឹកស្មានមិនដល់ ។ លើសនេះ ម្ចាស់ឡានក៍បានចូលបុណ្យផងដែរ និងសំដែងការសោកស្ដាយជាទីបំផុតជាមួយគ្រួសារសព និងឧទ្ទិសកុសលផលបុណ្យ ចាប់ជាតិក្រោយ សូមមានសំណាងល្អ ។


សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត បុកជាមួយ ម៉ូតូសណ្ដោងរឺម៉ក បណ្ដាលឲ្យ(ស្លាប់០១នាក់ស្រី) និងរងរបួសស្រាលចំនួន០៤នាក់ (ស្រី០៣នាក់) កើតហេតុកាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង២០នាទី នៅចំណុចខាងមុខហាង 168 លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

តាមរបាយការណ៍ ចំពោះមូលហេតុបឋមករណីខាងលើ បណ្ដាលមកពី អ្នកបើកបររថយន្តបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យទៅបុកជាមួយម៉ូតូសណ្ដោងរឺម៉កបើកបរមានទិសដៅផ្ទុយគ្នា និងបានបើករថយន្តគេចចេញពីកន្លែងកើតហេតុ។

ករណីនេះ កុមារអាយុ១៣ឆ្នាំ ជាអ្នកបើកម៉ូតូសណ្ដោយរឺម៉កនោះ បានទទួលមរណៈភាព រីឯមនុស្ស៤នាក់ផ្សេងទៀតជាក្រុមគ្រួសារបានរងរបួសធ្ងន់-ស្រាលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ។ រីឯជនបង្ករនឹងត្រូវបញ្ជូនខ្លួនទៅតុលាការស្អែកនេះ ៕