វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់កំពុងពង្រីកការដាក់សម្ពាធបង្ខំឱ្យសហរដ្ឋអាមេរិកធ្វើសម្បទានដោយរបៀបណា?

04-08-2026 22:12

(បេរូត)៖ ក្រុមមន្ត្រីក្នុងតំបន់ឈូងសមុទ្រពែក្ស និងអ្នកវិភាគបាននិយាយថាអ៉ីរ៉ង់កំពុងជឿជាក់លើខ្លួនឯងថាអាចនឹងយកឈ្នះ ហើយទ្រាំបានយូរជាងសហរដ្ឋអាមេរិក តាមរយៈការប្រែក្លាយផ្លូវធ្វើពាណិជ្ជកម្ម ច្រកសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយនៅក្នុងតំបន់មជ្ឈិមបូព៌ា ទៅជាឧបករណ៍ដែល តេហេរ៉ង់អាចប្រើប្រាស់ដើម្បីដាក់សម្ពាធ។ ក្នុងន័យនេះជាជាងស្វែងរកជ័យជម្នះយោធាដាច់ខាត តេហេរ៉ង់កំពុងដើរតាមយុទ្ធសាស្ត្របង្កើនជម្លោះដោយប្រុងប្រយ័ត្នក្នុងគោលបំណងពង្រីកជម្លោះដោយមិនបង្កឱ្យសង្រ្គាមពេញទំហឹងផ្ទុះឡើង ហើយចង់បញ្ជូនសារទៅឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកថាការពង្រីកការប្រឈមមុខដាក់គ្នានឹងបង្កការខាតបង់ធ្ងន់ធ្ងរជាងការទទួលយកសំណើរបស់អ៉ីរ៉ង់ពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz។

សារពីអ៉ីរ៉ង់ នោះគឺរហូតទាល់តែសហរដ្ឋអាមេរិកទទួលយកស្ថានភាពដើមថ្មីមួយដែលផ្ដល់ឱ្យអ៉ីរ៉ង់នូវតួនាទីយ៉ាងធំក្នុងតំបន់ច្រកសមុទ្រ Hormuz បើពុំដូច្នោះទេ ជម្លោះអាចនឹងរាលដាលហួសពីតំបន់ឈូងសមុទ្រពែក្ស។ ដោយធ្វើឱ្យច្រកសមុទ្រសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ស្ថិតក្រោមការគំរាមកំហែង អ៉ីរ៉ង់ជឿថាខ្លួនអាចពង្រឹងការទាមទារនៅក្នុងកិច្ចចរចាថ្មីណាមួយជាមួយអាមេរិក នៅពេលអនាគត។

* ពង្រីកការគំរាមកំហែងហួសពីច្រកសមុទ្រ Hormuz
ដោយបានបង្ហាញពីសមត្ថភាពរបស់ខ្លួន ដើម្បីបង្កការរាំងស្ទះដល់ការធ្វើនាវាចរក្នុងតំបន់ច្រកសមុទ្រ Hormuz តេហេរ៉ង់បានឱ្យសញ្ញាថាគ្មានច្រកសមុទ្រណាមួយនៅក្នុងតំបន់អាចគេចផុតពីកណ្ដាប់ដៃរបស់ខ្លួនបាននោះឡើយ។ ជាក់ស្ដែង ការគំរាមកំហែងដល់សមុទ្រក្រហម និងហេរដ្ឋារចនាសម្ព័ន្ធថាមពលរបស់បណ្ដាប្រទេសអារ៉ាប់ បានបង្ហាញឱ្យឃើញពីកិច្ចប្រឹងប្រែងមួយរបស់អ៉ីរ៉ង់ ដើម្បីបញ្ជូនសារទៅកាន់សហរដ្ឋអាមេរិកថាការការពារ ពាណិជ្ជកម្មពិភពលោកនឹងត្រូវចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈធ្វើតេស្តលើការអត់ធ្មត់របស់ទីក្រុងវ៉ាស៊ីនតោន។ យុទ្ធសាស្ត្របែបនេះរបស់អ៉ីរ៉ង់បានឆ្លុះបញ្ចាំងពីអ្វីដែលមន្ត្រីម្នាក់ក្នុងតំបន់ឈូងសមុទ្រពែក្ស បាននិយាយថាជាការជឿជាក់មួយនៅក្នុងចំណោមក្រុមមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ថាពួកគេនឹងទទួលបានសម្បទានយ៉ាងច្រើន។ ពួកគេមើលឃើញពីឱកាសក្នុងបរិបទមួយដែលពួកគេចាត់ទុកថាជាការស្ទាក់ស្ទើររបស់លោក ដូណាល់ ត្រាំ ក្នុងការចូលរួមយ៉ាងពេញទំហឹងក្នុងជម្លោះរ៉ុំារ៉ៃក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសក្នុងពេលដ៏សំខាន់ៗមួយដែលសហរដ្ឋអាមេរិកនឹងត្រូវរៀបចំការបោះឆ្នោតសភា ឬការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦។ «អ៉ីរ៉ង់...ជឿថាតាមរយៈការពង្រីកសង្រ្គាម និងបង្កើនការដាក់សម្ពាធ អាចនឹងបង្ខំឱ្យលោក ត្រាំ ដកថយ ឬធ្វើសម្បទានឱ្យអ៉ីរ៉ង់។ រីឯលោក ត្រាំ វិញគិតថាលោកអាចវាយអ៉ីរ៉ង់ឱ្យទ្រោមខ្លួន រហូតធ្វើឱ្យអ៉ីរ៉ង់ត្រឡប់ទៅរកតុចរចាវិញ។ ប៉ុន្តែអ៉ីរ៉ង់នឹងមិនចុះញ៉មឡើយ»។ នេះជាការលើកឡើងរបស់មន្ត្រីម្នាក់ក្នុងតំបន់ឈូងសមុទ្រពែក្សប្រាប់ Reuters។

* បង្កើនជម្លោះដើម្បីសម្បទាន
ការបង្កើនជម្លោះដើម្បីសម្បទានគឺជាការគណនានៅក្រោមយុទ្ធសាស្ត្រចរចារបស់តេហេរ៉ង់។ លោក ត្រាំបាននិយាយថាកិច្ចចរចាជាមួយអ៉ីរ៉ង់កំពុងប្រព្រឹត្តទៅ បន្ទាប់ពីលោកបានលុបចោលគម្រោងវាយប្រហារថ្មីមួយលើអ៉ីរ៉ង់ សំដៅបើកផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយដែលនឹងបើកច្រកសមុទ្រ Hormuz​ ឡើងវិញ។ ក៏ប៉ុន្តែ អ៉ីរ៉ង់បានប្រកែកថាបច្ចុប្បន្នមិនមានកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនោះទេ។ តាមមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់ ថ្នាក់ដឹកនាំអ៉ីរ៉ង់បានធ្វើការសន្និដ្ឋានថាការយល់ព្រមសម្រុះសម្រួលជាមួយសហរដ្ឋអាមេរិកនាពេលកន្លងមកជាកំហុសមួយដែលមិនត្រឹមតែមិនអាចបន្ធូរបន្ថយសម្ពាធនោះទេ ផ្ទុយទៅវិញសហរដ្ឋអាមេរិកកាន់តែបង្កើនសម្ពាធទ្វេដង។ ម្លោះហើយលើកនេះ ពួកគេយល់ថាអ៉ីរ៉ង់ត្រូវតែបង្កើនអំណាចចរចាឱ្យបានគ្រប់គ្រាន់ជាមុនសិន មុនត្រឡប់ទៅរកតុចរចាវិញ។ ត្រង់ចំណុចនេះអ៉ីរ៉ង់យល់ថាលោក ត្រាំ មើលឃើញសម្បទានពីអ៉ីរ៉ង់ជាភាពទន់ខ្សោយ ដូច្នេះចង់ឱ្យលោក ត្រាំ បន្ទន់គោលជំហរ លុះត្រាតែធ្វើឱ្យលោកប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំង។

លោក Michael Singh ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Washington Institute បានកត់សម្គាល់ថាអ៉ីរ៉ង់កំពុងជឿជាក់ថាខ្លួននៅតែមានប្រៀបជាង មានមួយផ្នែកដោយសារតែរដ្ឋបាលលោក ត្រាំ ហាក់ស្ទាក់ស្ទើរ និងមិនច្បាស់លាស់ក្នុងការពង្រីកសង្រ្គាមជាមួយអ៉ីរ៉ង់។ លោកបន្ថែមថា «អ៉ីរ៉ង់កំពុងព្យាយាមទាញយកប្រយោជន៍តាមរយៈការព្យាយាមបង្កើតអធិបតេយ្យលើច្រកសមុទ្រ Hormuz»។ ដោយឡែក បើតាមលោក Alan Eyre ជាអតីតមន្ត្រីការទូតអាមេរិក និងជាអ្នកជំនាញស្ដីពីអ៉ីរ៉ង់ ទីក្រុងតេហេរ៉ង់កំពុងដើរតាមយុទ្ធសាស្ត្រកំញើញសត្រូវ ក្នុងគោលបំណងបង្ខំឱ្យសហរដ្ឋអាមេរិក លុបចោលការបិទខ្ទប់លើកំពង់ផែរបស់ខ្លួន និងបញ្ឈប់ការវាយប្រហារដោយយោធា ហើយមិនចង់ឱ្យសហរដ្ឋអាមេរិកក្លាយជាអ្នកកំណត់ថាតើសង្រ្គាមត្រូវបញ្ចប់ដោយរបៀបណានោះទេ។

* ធ្វើយ៉ាងណាទ្រាំឱ្យបានយូរ
សកម្មភាពដែលអ៉ីរ៉ង់កំពុងធ្វើ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថាបានហុចផលឱ្យអ៉ីរ៉ង់ពិតមែន។ ជាក់ស្ដែង ខណៈការគំរាមកំហែងត្រូវបានពង្រីកហួសពីច្រកសមុទ្រ Hormuz ក្រុមប្រទេសក្នុងតំបន់ និងមហាអំណាចលោកខាងលិចផ្សេងទៀតក្រៅពីសហរដ្ឋអាមេរិក បានបង្កើនការផ្ដោតរបស់ពួកគេទៅលើការការពារផ្លូវធ្វើពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធថាមពល ជាជាងបង្កើនការដាក់សម្ពាធលើអ៉ីរ៉ង់។ ការលេចចេញជារូបរាងនៃក្រុមចម្រុះមួយដឹកនាំដោយអារ៉ាប៊ីសាអូឌីតអាចយកមកធ្វើជាឧទាហរណ៍ចំពោះការផ្លាស់ប្ដូរនេះ។ តាមក្រុមមន្ត្រីក្នុងតំបន់ឈូងសមុទ្រពែក្ស ក្រុមចម្រុះនេះគឺជាក្របខណ្ឌការពារមួយដែលផ្ដោតជាសំខាន់លើការអមដំណើរការពារកប៉ាល់ដឹកទំនិញ ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ និងការការពារផ្លូវដឹកញ្ជូនតាមសមុទ្រ ជាជាងផ្ដោតលើការប្រឈមមុខដោយផ្ទាល់ជាមួយអ៉ីរ៉ង់។

លោក Michael Knights មកពីវិទ្យាស្ថាន Washington Institute បានប្រៀបធៀបក្រុមចម្រុះរបស់អារ៉ាប៊ីសាអូឌីត ទៅនឹងបេសកកម្ម Aspides​ របស់អឺរ៉ុបក្នុងតំបន់សមុទ្រក្រហម ហើយដែលបេសកកម្មនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារកប៉ាល់ដឹកទំនិញ ជាជាងការកែប្រែតុល្យភាពយោធា។ សម្រាប់អ៉ីរ៉ង់ ការផ្លាស់ស្ថានការណ៍ក្នុងទម្រង់បែបនេះគឺជាជោគជ័យមួយ។ ទោះមិនអាចប្រជែងនឹងអំណាចយោធារបស់សហរដ្ឋអាមេរិកដោយត្រង់ៗក៏ពិតមែន ប៉ុន្តែអ៉ីរ៉ង់អាចធ្វើឱ្យរដ្ឋាភិបាលទាំងនោះទទួលអារម្មណ៍ប្រឈមមុខនឹងការខាតបង់ ហើយបង្ខំឱ្យពួកគេជ្រើសរើសការប្រកាន់យកគោលជំហរការពារ ជាជាងចូលរួមដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកប្រឆាំងនឹងអ៉ីរ៉ង់។ ការគំរាមកំហែង មិនថាលើច្រកសមុទ្រ Hormuz ឬ Bab al-Mandeb ដែលជាផ្លូវទឹកដ៏សំខាន់មួយតភ្ជាប់សមុទ្រក្រហមទៅកាន់ឈូងសមុទ្រ Aden វានឹងតម្រូវឱ្យមានការបង្កើនការចំណាយធនធានទាំងលុយ និងយោធាដើម្បីធានាការពារកប៉ាល់ដឹកទំនិញ។ តាមក្រុមអ្នកវិភាគ ការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ មិនត្រឹមតែជាការវាយប្រហារយោធាដាក់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ តែថាតើនរណាអាចទ្រាំបានយូរជាង គឺជាអ្នកឈ្នះ។ មេដឹកនាំអ៉ីរ៉ង់ត្រូវបានគេមើលឃើញថាហាក់ជឿជាក់ថាពួកគេអាចទ្រាំទ្រនឹងសម្ពាធសេដ្ឋកិច្ចបានយូរជាងក្រុមចម្រុះណាមួយដឹកនាំដោយសហរដ្ឋអាមេរិកអាចទ្រាំទ្រនឹងការរំខានម្ដងហើយម្ដងទៀតចំពោះការធ្វើពាណិជ្ជកម្មពិភពលោក និងទីផ្សារថាមពល។

យុទ្ធសាស្ត្របែបនេះក៏មានបង្កប់គោលដៅការទូតផងដែរ។ តាមរយៈការបង្ហាញថាខ្លួនមានសមត្ថភាពពង្រីកជម្លោះនៅពេលចាំបាច់ តេហេរ៉ង់សង្ឃឹមអាចមានលទ្ធភាពកែប្រែលក្ខខណ្ឌនៃកិច្ចចរចាណាមួយដែលអាចនឹងកើតឡើងនៅពេលអនាគត។ «ប្រសិនបើមានកិច្ចចរចា អ៉ីរ៉ង់សង្ឃឹមថាពួកគេនឹងអាចកំណត់លក្ខខណ្ឌ»។ នេះជាការយល់ឃើញរបស់លោក Ray Takeyh មកពីស្ថាប័ន Council on Foreign Relations និងជាអតីតទីប្រឹក្សាស្ដីពីអ៉ីរ៉ង់នៃក្រសួងការបរទេសអាមេរិក។ តាមអ្នកជំនាញរូបនេះទាំងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់គ្មាននរណាចង់ដកថយទេ ពោលគឺបើភាគីណាបង្កើនជម្លោះ ភាគីម្ខាងទៀត ក៏នឹងបង្កើនជម្លោះដាក់វិញផងដែរ។ ទាំងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់មកទល់នឹងពេលនេះមិនបានបង្ហាញពីសញ្ញាដកថយទេ ហើយខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់កំពុងព្យាយាមធ្វើតេស្តលើការប្ដេជ្ញាចិត្តរបស់ភាគីម្ខាងៗ វានៅតែមានហានិភ័យថាយុទ្ធសាស្ត្រមួយដែលភាគីទាំងសងខាងកំពុងប្រើដើម្បីបង្កើនអំណាចចរចាជាអតិបរមា អាចផ្ទុះរាលដាលទៅជាជម្លោះមួយដែលគ្មានភាគីណាមួយអាចគ្រប់គ្រងបាន ទាំងស្រុងនោះឡើយ៕