* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ជំរុញគ្រប់មូលដ្ឋានសុខាភិបាល ពង្រឹងវិធានការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមឱ្យកាន់តែមានប្រសិទ្ធភាព

04-08-2026 22:40

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានណែនាំដល់ក្រុមការងារកម្មវិធីជំងឺគ្រុនឈាមរបស់មន្ទីរ និងស្រុកប្រតិបត្តិទាំងអស់ ត្រូវពង្រឹងការអប់រំសុខភាព ការដាក់ថ្នាំអាល់បែត ការលុបបំបាត់ប្រភពដក់ទឹក និងការបាញ់ថ្នាំសម្លាប់មូសខ្លា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺគ្រុនឈាមនៅទូទាំងខេត្ត។

ការណែនាំនេះបានធ្វើឡើងក្នុងឱកាសដែលលោកវេជ្ជបណ្ឌិត គួង ឡូ ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់មន្ទីរសុខាភិបាល នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញទិសដៅអនុវត្តបន្ត។

ក្នុងកិច្ចប្រជុំនេះប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងសង្កត់ធ្ងន់ថា៖ ក្រុមការងារជំងឺគ្រុនឈាម ត្រូវអនុវត្តការងារបង្ការ និងឆ្លើយតបឱ្យបានសកម្ម ទាំងវិធានការបុរេសកម្ម និងសកម្ម ដោយជំរុញការផ្សព្វផ្សាយអប់រំសុខភាពដល់ប្រជាពលរដ្ឋ ការដាក់ថ្នាំអាល់បែតតាមពាង និងអាងទឹក ការលុបបំបាត់វត្ថុដែលអាចដក់ទឹកជុំវិញផ្ទះ ព្រមទាំងការបាញ់ថ្នាំសម្លាប់មូសខ្លា នៅតំបន់ដែលមានហានិភ័យ។

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានណែនាំឱ្យក្រុមការងារពង្រឹងការត្រួតពិនិត្យប្រសិទ្ធភាពនៃការដាក់ថ្នាំអាល់បែត ដោយអនុវត្តការជ្រើសរើសខ្នងផ្ទះតាមវិធីចៃដន្យ (Random Sampling) ដើម្បីវាយតម្លៃថា ប្រជាពលរដ្ឋបានដាក់ថ្នាំអាល់បែតត្រឹមត្រូវដែរឬទេ។ ក្នុងករណីរកឃើញអត្រាខ្នងផ្ទះដែលមិនបានដាក់ថ្នាំអាល់បែតក្រោម ១០ភាគរយ ត្រូវដាក់ថ្នាំឡើងវិញតែចំពោះខ្នងផ្ទះដែលខកខាន ប៉ុន្តែប្រសិនបើលើសពី ១០ភាគរយ ត្រូវអនុវត្តការដាក់ថ្នាំអាល់បែតឡើងវិញទូទាំងភូមិ។

ជាមួយគ្នានេះលោកប្រធានមន្ទីរ បានអំពាវនាវដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តសហការគ្នាអនុវត្តវិធានការបង្ការ និងលុបបំបាត់ប្រភពបង្កកំណើតមូសខ្លាឱ្យបានជាប្រចាំ ដើម្បីរួមគ្នាកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាម និងការពារសុខភាពសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព។

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានណែនាំឱ្យគ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវពង្រឹងការគ្រប់គ្រងការចម្លងរោគ (IPC) ដោយធានាឱ្យមានទឹក សាប៊ូ ក្រដាសជូតដៃ និងអាល់កុលលាងដៃគ្រប់គ្រាន់ ព្រមទាំងត្រូវតាមដានការអនុវត្តអនាម័យដៃរបស់បុគ្គលិកសុខាភិបាលឱ្យបានជាប្រចាំ។លើសពីនេះបានណែនាំឱ្យពង្រឹងការគ្រប់គ្រងសំណល់សុខាភិបាល ការគ្រប់គ្រងទឹកស្អាត និងទឹកកង្វក់ ពង្រឹងការធ្វើបដិសណ្ឋារកិច្ច ការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងការបម្រើសេវាសុខាភិបាល ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍៕