វិចារណកថា! គ្រប់បទល្មើសបរិស្ថាន ផ្តើមចេញពីការសម្រេចចិត្តខុសមួយលើក

05-08-2026 11:37

(ភ្នំពេញ)៖ ​«អនាគតល្អប្រសើរឡើងបាន ដោយសារយើងចេះ «ផ្អាកហើយគិតសិន» មួយភ្លែតមុននឹងធ្វើអ្វីមួយ»។​ ការខូចខាតបរិស្ថានក្នុងកម្រិតទ្រង់ទ្រាយធំ អាចមើលទៅដូចជានៅឆ្ងាយស្រឡះពីជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ យើងអាចស្រមៃថា វាចាប់ផ្តើមចេញពីគ្រឿងចក្រ រថយន្តដឹកទំនិញ អគ្គិភ័យ ឬគំនរភ្នំសំរាម។ ប៉ុន្តែមុនពេលអ្វីៗទាំងអស់នេះកើតឡើង គឺមានបុគ្គលម្នាក់ ឬក្រុមមនុស្សមួយក្រុម បានធ្វើការសម្រេចចិត្តរួចជាស្រេចទៅហើយ។

ការសម្រេចចិត្តនោះអាចជារឿងធំដុំ ប៉ុន្តែជាញឹកញាប់វាត្រឹមជារឿងសាមញ្ញធម្មតាប៉ុណ្ណោះ៖ ការមើលរំលងច្បាប់ ការកាត់បន្ថយពេលវេលាដោយជ្រើសរើសផ្លូវកាត់ដែលបង្កគ្រោះថ្នាក់ ការលាក់បាំងបញ្ហា ការប្រើប្រាស់លើសតម្រូវការ ឬការគិតថាគ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយ។ ជម្រើសមួយ នាំទៅរកជម្រើសមួយទៀត។ អ្វីដែលធ្លាប់តែជាជម្រើសដ៏លំបាក ក៏ប្រែជាស្រួលធ្វើទៅៗតាមរយៈការធ្វើដដែលៗ រហូតទាល់តែវាក្លាយជាទម្លាប់។

នេះមិនមែនមានន័យថា គ្រប់បញ្ហាបរិស្ថានទាំងអស់សុទ្ធតែកើតចេញពីហេតុផលសាមញ្ញៗនោះទេ។ ស្ថានភាពជាក់ស្តែង ពាក់ព័ន្ធទៅនឹងតម្រូវការ ប្រព័ន្ធគ្រប់គ្រង ជម្រើសមានកម្រិត ចំណេះដឹងមិនទាន់គ្រប់គ្រាន់ និងមនុស្សជាច្រើន។ កសិករ ម្ចាស់អាជីវកម្ម គ្រួសារ ឬសហគមន៍ អាចនឹងប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាក។ ការយល់ដឹងពីលក្ខខណ្ឌទាំងនោះ គឺជារឿងចាំបាច់ ប្រសិនបើយើងចង់បានដំណោះស្រាយដែលមានយុត្តិធម៌ និងរឹងមាំយូរអង្វែង។

ទោះជាយ៉ាងណាក៏ដោយ ជម្រើសផ្ទាល់ខ្លួនពិតជាមានសារៈសំខាន់។ ប្រព័ន្ធសង្គមត្រូវបានបង្កើតឡើង និងផ្លាស់ប្តូរ តាមរយៈការសម្រេចចិត្តរបស់មនុស្ស។ បទបញ្ជាទាំងឡាយត្រូវបានគោរព គឺដោយសារមនុស្សជ្រើសរើសយកភាពស្មោះត្រង់។ វិធីសាស្ត្រដែលមានសុវត្ថិភាពជាងមុនត្រូវបានអភិវឌ្ឍឡើង គឺដោយសារមាននរណាម្នាក់បដិសេធមិនព្រមទទួលយកការខូចខាតដែលមិនចាំបាច់។ សិស្សម្នាក់ដែលប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវដោយស្មោះត្រង់នៅថ្ងៃនេះ អាចនឹងក្លាយជាគ្រូបង្រៀន វិស្វករ កសិករ សហគ្រិន ព្រះសង្ឃ អាណាព្យាបាល ឬមន្ត្រីរាជការនៅថ្ងៃស្អែក។

ជំនាញដែលសំខាន់បំផុតក្នុងខណៈពេលដ៏លំបាក គឺ «ផ្អាកដើម្បីគិតសិន (The Pause)»។ មុនពេលធ្វើសកម្មភាព យើងអាចសួរខ្លួនឯងថា៖- តើការធ្វើបែបនេះពិតជាចាំបាច់ដែរឬទេ? -តើនរណា ឬអ្វីខ្លះអាចនឹងរងផលប៉ះពាល់? តើមានវិធីណាផ្សេងទៀតដែលបង្កផលប៉ះពាល់តិចជាងនេះដែរឬទេ? តើខ្ញុំនឹងមានអារម្មណ៍សុខស្រួលដែរឬទេ ប្រសិនបើអ្នកដទៃធ្វើតាមគំរូរបស់ខ្ញុំ?​ សំណួរទាំងនេះ បង្កើតឱ្យមានលំហគំនិតនៅចន្លោះអារម្មណ៍ដែលចង់ធ្វើភ្លាមៗ និងផលវិបាកដែលត្រូវប្រឈម។

ពេលខ្លះ យើងនៅតែធ្វើការសម្រេចចិត្តមិនបានល្អដដែល។ ប៉ុន្តែនៅពេលនោះ ការសម្រេចចិត្តមួយទៀតនឹងលេចឡើង៖ តើខ្ញុំគួរលាក់បាំងកំហុសនោះ ឬកែប្រែវាឡើងវិញ? ការទទួលខុសត្រូវ មិនបានបញ្ចប់នៅពេលដែលកំហុសត្រូវបានប្រព្រឹត្តរួចនោះទេ។ ការទទួលស្គាល់ ការជួសជុល និងការរៀនសូត្រពីកំហុស ក៏ជាជម្រើសដ៏សំខាន់ផងដែរ។ ពួកវាអាចរារាំងកំហុសតូចតាច មិនឱ្យរីករាលដាលក្លាយជាកំហុសដ៏ធំធេងបាន។

ការសម្រេចចិត្តល្អៗនឹងកាន់តែមានកម្លាំងមាំមួន នៅពេលដែលសហគមន៍ចូលរួមគាំទ្រ។ សិស្សម្នាក់អាចនឹងងាយស្រួលចៀសវាងការប្រើប្រាស់សម្ភារប្រើប្រាស់តែមួយដងរួចចោល ប្រសិនបើមានជម្រើសច្រកបំពេញឡើងវិញដោយសុវត្ថិភាព។ គ្រួសារមួយអាចនឹងបែងចែកសំរាមបានជាប់លាប់ជាងមុន ប្រសិនបើប្រព័ន្ធប្រមូលសំរាមមានភាពច្បាស់លាស់។ ការទទួលខុសត្រូវ គឺជារឿងរបស់បុគ្គលម្នាក់ៗផង និងជាការរៀបចំរួមនៅក្នុងសង្គមផងដែរ ដែលជួយឱ្យជម្រើសដ៏ត្រឹមត្រូវអាចយកទៅអនុវត្តបានក្នុងជីវិតជាក់ស្តែង។

សប្តាហ៍ទីមួយ បានតម្រូវឱ្យយើងក្រឡេកមើល «គ្រាប់ពូជនៃបាបកម្ម/ផលអាក្រក់» នៅក្នុងចិត្ត៖ ភាពលោភលន់ ភាពព្រងើយកន្តើយ ភាពអាត្មានិយមការបាត់បង់ក្តីអាណិតអាសូរ និងភាពមិនខ្វល់ខ្វាយ។ ថ្ងៃនេះ យើងបានមកដល់ច្រកទ្វាររវាង «គំនិត» និង «សកម្មភាព» ហើយ។ ការសម្រេចចិត្ត គឺជាអ្នកបើកទ្វារនោះ។

អំណាចរបស់យើងស្ថិតនៅត្រង់ហ្នឹង។ យើងមិនអាចផ្លាស់ប្តូរជម្រើសកាលពីម្សិលមិញបានទេ ប៉ុន្តែជម្រើសបន្ទាប់កំពុងតែខិតជិតមកដល់។ ប្រសិនបើយើងទទួលយកវាយ៉ាងប្រុងប្រយ័ត្ន ដោយភាពក្លាហាន និងការយកចិត្តទុកដាក់ ការសម្រេចចិត្តដ៏ត្រឹមត្រូវតែមួយលើក អាចទប់ស្កាត់ទម្លាប់អាក្រក់ និងចាប់ផ្តើមបង្កើតទម្លាប់ល្អជាថ្មីបាន។ អនាគតត្រូវបានកសាងឡើងនៅក្នុងខណៈពេលបែបនេះឯង។

*ការពិចារណាតាមបែបព្រះពុទ្ធសាសនា

ចរិយាធម៌ក្នុងព្រះពុទ្ធសាសនា ផ្តោតសំខាន់លើសកម្មភាពដែលមានចេតនា និងផលវិបាកនៃសកម្មភាពទាំងនោះ។ «សម្មាវាយាម» (ការព្យាយាមត្រូវ) គឺសំដៅលើ៖ ១. ការទប់ស្កាត់អកុសលធម៌មិនឱ្យកើតឡើង ២. ការលះបង់អកុសលធម៌ដែលបានកើតឡើងរួច ៣. ការបង្កើតកុសលធម៌ឱ្យកើតមានឡើង និង៤. ការថែរក្សាកុសលធម៌ទាំងនោះឱ្យគង់វង្ស។

ការបង្អាក់អារម្មណ៍ ផ្អាកដើម្បីគិតសិនដោយមានស្មារតី (Mindful Pause) ផ្តល់ឱ្យយើងនូវសេរីភាពក្នុងការធ្វើសកម្មភាពដែលចេញពី «ប្រាជ្ញាញាណ» ច្រើនជាងការធ្វើតាម «អារម្មណ៍ឆេវឆាវមួយភ្លែត»។

*ការពិចារណាសម្រាប់ថ្ងៃនេះ

តើសំណួរអ្វីខ្លះដែលដាស់តឿនឱ្យខ្ញុំចេះបង្អាក់អារម្មណ៍ផ្អាកដើម្បីគិតសិន មុនពេលធ្វើការសម្រេចចិត្តដែលមានផលប៉ះពាល់ដល់ធម្មជាតិ?

*សកម្មភាពសម្រាប់ថ្ងៃនេះ

សរសេរសំណួរនេះនៅកន្លែងណាដែលអ្នកងាយមើលឃើញ៖ «តើមានជម្រើសណាដែលប្រសើរជាងនេះ និងកាត់បន្ថយការខ្ជះខ្ជាយបានច្រើនជាងនេះដែរឬទេ?» ចេះប្រើប្រាស់សំណួរនេះ មុនពេលធ្វើការសម្រេចចិត្តណាមួយនៅថ្ងៃនេះ។

*ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ

ថ្ងៃនេះ ខ្ញុំនឹងបង្អាក់អារម្មណ៍ផ្អាកដើម្បីគិតសិនដោយភាពក្លាហាន ហើយជ្រើសរើសផ្លូវនៃប្រាជ្ញា ភាពស្មោះត្រង់ និងការយកចិត្តទុកដាក់។ «នៅពេលយើងការពារធម្មជាតិ គឺយើងកំពុងការពារសព្វសត្វទាំងអស់រួមទាំងខ្លួនយើងផងដែរ»៕