វិទ្យាស្ថាន PIKP នៅខេត្តកំពង់ចាម ផ្តល់អាហារូបករណ៍ជិត ១ពាន់កន្លែងលើជំនាញចំនួន១២ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ
05-08-2026 13:38
(កំពង់ចាម)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ៩៥០កន្លែងលើមុខជំនាញចំនួន១២ ជាមួយនិងប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែសម្រាប់យុវជន ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យពី រាជរដ្ឋាភិបាល។
បើយោងតាមវិទ្យាស្ថាន PIKP បានឱ្យដឹងថា ជំនាញទាំង១២ នោះរួមមាន ការងារកំបោរ, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងារការ៉ូ និងការដំឡើងដំបូល, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មសម្អាងកាយ, សេវាកម្មកាត់សក់បុរស, ការធ្វើម្ហូបខ្មែរ និងធុរកិច្ចភេសជ្ជៈ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលរថយន្ត, ការផ្សារលោហៈដោយធ្នូអគ្គិសនី (ធូប) និងការថែទាំ និងជួសជុលទោចក្រយានយន្ត។
ជាមួយគ្នានេះ វិទ្យាស្ថានក៏បានបញ្ជាក់ថា គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅសរុប ២,១០៥នាក់ ដែលទទួលបានអាហារូបករណ៍ ១.៥លានរបស់សម្ដេចធិបតី។ ក្នុងនោះមានក្រុមដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥៨៧នាក់ ដែលទទួលបណ្ដុះបណ្ដាលជំនាញ។
បន្ថែមពីលើនេះ វិទ្យាសា្ថន គ្រោងនឹងបើកវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីទទួលបានអាហារូបករណ៍សិក្ខាកាមអាចទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈទូរសព្ទលេខ ០៨៥ ៤៤៤ ៦៤៧/ ០៩០ ៤៤៤ ៦៧៤ ឬអញ្ជើញមកទីតាំងរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) ដែលមានអាស័យដ្ឋាន ផ្លូវជាតិលេខ៧ចាស់ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕










