ទូតឥណ្ឌា ប្រចាំកម្ពុជា ចុះសិក្សាស្រាវជ្រាវសក្តានុពលអេកូទេសចរណ៍នៅសហគមន៍ទួលព័ន្ធតាឡី បឹងស្នេហ៍ ខេត្តព្រៃវែង
05-08-2026 14:09
(ព្រៃវែង)៖ លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សាទៅកាន់សហគមន៍តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ ស្ថិតនៅភូមិទ័ពស្តេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងឈ្វេងយល់ពីសក្តានុពលអេកូទេសចរណ៍ និងកិច្ចការពារបរិស្ថានក្នុងតំបន់។
ដំណើរទស្សនកិច្ចនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ហាញពីភាពរីកចម្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដី និងសហគមន៍មូលដ្ឋាន ក្នុងការអភិរក្សធនធានធម្មជាតិ តំបន់ជីវចម្រុះ និងការលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈវិស័យអេកូទេសចរណ៍។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតបានចំណាយពេលទស្សនកិច្ចមើលផ្ទាល់នូវទេសភាពធម្មជាតិដ៏ស្រស់ត្រកាល សហគមន៍បឹងធម្មជាតិ និងការរស់នៅរបស់សត្វស្លាបព្រៃជាច្រើនប្រភេទ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្ត។
លោកក៏បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសក្តានុពលធម្មជាតិនេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមថែរក្សាបរិស្ថានពីសំណាក់ប្រជាសហគមន៍មូលដ្ឋានផងដែរ។
ទស្សនកិច្ចសិក្សានេះ មិនត្រឹមតែជួយពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបនៃខេត្តព្រៃវែង ឱ្យស្គាល់កាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិផងដែរ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព៕

















