ក្រុមប្រឹក្សាគណៈគិលានុបដ្ឋានជាតិ សម្រេចផ្អាកអាជ្ញាបណ្ណលោក ឈុន ផល្លី រយៈពេល២ឆ្នាំ ករណីអនុវត្តន៍បច្ចេកទេសសង្គ្រោះបឋមមិនត្រឹមត្រូវ

05-08-2026 15:03

(កណ្ដាល)៖ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋានជាតិ បានចេញសេចក្ដីសម្រេចផ្អាកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈរយៈពេល២ឆ្នាំ ចំពោះលោក ឈុន ផល្លី ដែលបានអនុវត្តន៍មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសង្គ្រោះបឋម។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីសាធារណជនចំពោះសកម្មភាពរបស់លោក។

នេះបើយោងតាមសេចក្ដីប្រកាសរបស់មន្ទីរសុខាភិបាលខេត្តកណ្ដាល នៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៦។ លោក ឈុន ផល្លី ដែលជាប្រធានមណ្ឌលសុខភាពសិត្បូ ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពសង្គ្រោះបឋមរបស់ខ្លួន ដោយចោទថាបានបំពានរាងកាយអ្នកជំងឺស្រីម្នាក់នៅក្នុងរថយន្តសង្គ្រោះបន្ទាន់។

យោងតាមលិខិតដដែល លោក ឈុន ផល្លី ដែលមានអាជ្ញាប័ណ្ណវិជ្ជាជីវៈជាតិគិលានុបដ្ឋាកលេខ CCN-LP-001028 មានសុពលភាពចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងមិនត្រូវបានអនុញ្ញាតឲ្យប្រកបវិជ្ជាជីវៈគិលានុបដ្ឋាករយៈពេល២ឆ្នាំឡើយ។ ការផ្អាកនេះនឹងគិតចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៦ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៨។

ការសម្រេចនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋានជាតិ ក្នុងការរក្សាស្តង់ដារវិជ្ជាជីវៈខ្ពស់ និងធានាថាអ្នកជំនាញសុខាភិបាលទាំងអស់អនុវត្តន៍ការងាររបស់ខ្លួនដោយត្រឹមត្រូវតាមក្រមសីលធម៌ និងលក្ខណៈបច្ចេកទេស ដើម្បីការពារសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូររបស់អ្នកជំងឺ។ ករណីនេះក៏ជាការក្រើនរំលឹកដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តន៍វិជ្ជាជីវៈរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ។

សូមជម្រាបថា លោក ឈុន ផល្លី អតីតជាប្រធានមណ្ឌលសុខភាពសិត្បូ ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោកត្រូវបានមហាជនរិះគន់មិនសំចៃមាត់ចំពោះសកម្មភាពសង្រ្គោះបឋមរបស់ខ្លួន ដោយចោទថា បានបំពានរាងកាយរបស់អ្នកជម្ងឺស្រីម្នាក់ក្នុងរថយន្តសង្រ្គោះបន្ទាន់៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋានជាតិ៖