ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយដល់វីរកងទ័ពជួរមុខនៅព្រំដែនកម្ពុជា-ថៃ
05-08-2026 15:32
(ភ្នំពេញ)៖ ក្នុងស្មារតីនៃការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹក ជញ្ជូនលេខ៩៩ បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យស្ថានភាពជាក់ស្តែង និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាឧបត្ថម្ភ ប្រគល់ជូនដល់វីរកងទ័ពដែលកំពុងឈរជើងប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ដំណើរចុះសួរសុខទុក្ខនេះ បានឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំចំពោះកងទ័ពនៅជួរមុខ ដែលកំពុងលះបង់កម្លាំងកាយ កម្លាំងចិត្ត និងភាពក្លាហាន ក្នុងការបំពេញបេសកកម្មការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ រាល់ការចាប់ដៃ ការសាកសួរសុខទុក្ខ និងការផ្តល់កម្លាំងចិត្តដោយផ្ទាល់ បានបង្ហាញពីទឹកចិត្តរបស់មេបញ្ជាការ ដែលតែងតែនៅក្បែរកងទ័ព និងរួមចែករំលែកទាំងការលំបាក និងទំនួលខុសត្រូវជាមួយយុទ្ធជនគ្រប់រូប។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានថ្លែងកោតសរសើរចំពោះស្មារតីស្នេហាជាតិ ភាពអង់អាចក្លាហាន វិន័យ និងការលះបង់ដ៏ថ្លៃថ្លារបស់កងទ័ព ដែលបានឈរជើងយ៉ាងរឹងមាំ ដើម្បីការពារសន្តិភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ជាតិ។
ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើឱ្យបងប្អូនកងទ័ពបន្តរក្សាសាមគ្គីភាព ពង្រឹងវិន័យ បង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ច ដើម្បីអនុវត្តរាល់ភារកិច្ចដែលថ្នាក់លើប្រគល់ជូនប្រកបដោយជោគជ័យ។
សកម្មភាពនេះ មិនត្រឹមតែជាការលើកទឹកចិត្តដ៏មានតម្លៃចំពោះកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងស្មារតីសាមគ្គីភាព ទំនុកចិត្ត និងឆន្ទៈមោះមុតរបស់យុទ្ធជនគ្រប់រូប ឱ្យបន្តឈរជើងបំពេញបេសកកម្មការពារជាតិ ដោយស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ព្រមទាំងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្សជានិច្ច៕





































