កម្ពុជាជួយហ្វឹកហ្វឺនជំនាញសុនខហិតមីន ដល់អ្នកជំនាញមកពីអ៊ុយក្រែន​ អេត្យូពី និងហ្ស៊ុកដានី

05-08-2026 15:49

(កំពង់ឆ្នាំង)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន សុនខហិតមីន និងអ្នកកាន់សុនខស្រាវជ្រាវបច្ចេកទេស ដល់អ្នកជំនាញសុនខអន្តរជាតិមកពីប្រទេសអ៊ុយក្រែន​ អេត្យូពី និងប្រទេសហ្ស៊ុកដានី។ នេះជាកិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC និងអង្គការ APOPO ដែលកម្ពុជាប្តេជ្ញាបន្តជួយហ្វឹកហ្វឺនអ្នកជំនាញសុនខអន្តរជាតិ។

លោក​ Mikael Bold តំណាងអង្គការ APOPO បានបង្ហាញពីមោទនភាពក្នុងការសហការជាមួយអង្គភាព CMAC បានផ្តល់ការហ្វឹកហ្វឺនអ្នកជំនាញសុនខអន្តរជាតិបានចំនួន ១០០នាក់ហើយ និងបញ្ជាក់ពីអង្គភាព CMAC មានសមត្ថភាពជួយដល់បណ្តាប្រទេសមានបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមនានា។

សូមបញ្ជាក់ថា​ វគ្គហ្វឹកហ្វឺនជំនាញសុនខអន្តរជាតិ​នេះ​ មានរយៈពេល ១៣សប្តាហ៍ មានសិក្ខាកាមអន្តរជាតិមកពីបណ្តាប្រទេសមកពីប្រទេសអ៊ុយក្រែន​ អេត្យូពី និងប្រទេសហ្ស៊ុកដានី។

ក្នុងអំឡុងពេល ១៣សប្តាហ៍នៃការហ្វឹកហ្វឺន បណ្តុះបណ្តាលលើជំនាញសំខាន់ៗរួមមាន សុខុមាលភាពសុនខ, វិន័យ និងការស្តាប់បង្គាប់, ការប្រាស្រ័យទាក់ទងរវាងអ្នកកាន់ និងសុនខ, នីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) ក្នុងការរុករក, សុវត្ថិភាពប្រតិបត្តិការ​ជាដើម៕