មន្ទីររៀបចំដែនដីខេត្តតាកែវ ប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ២ភូមិ
05-08-2026 17:04
(តាកែវ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ នៅថ្ងៃទី៥ ខែសីហា បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្ពបស្វាយ និងភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅក្នុងឱកាសនោះ លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តតាកែវ បានថ្លែងអបអរសាទរយ៉ាងកក់ក្តៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់នាពេលនេះ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯកសារផ្លូវការដ៏មានតម្លៃបំផុត ក្នុងការធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ការពារមិនឱ្យមានការរំលោភបំពាន ឬទំនាស់ព្រំប្រទល់ និងជួយលើកកម្ពស់តម្លៃសេដ្ឋកិច្ចដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោក នួន សុធា ក៏បានផ្តាំផ្ញើ និងណែនាំបន្ថែមដល់ប្រជាពលរដ្ឋផង ថែរក្សាបណ្ណកម្មសិទ្ធិនេះឱ្យបានល្អប្រសើរ ជៀសវាងការបាត់បង់ ឬខូចខាត ត្រូវយកបណ្ណនេះទៅប្រើប្រាស់ឱ្យកើតជាប្រយោជន៍ក្នុងគ្រួសារ ដូចជាការបង្កើតមុខរបរ ឬបង្កើនប្រាក់ចំណូលជាដើម ស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារចុះបញ្ជីដីធ្លី ដើម្បីឱ្យដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តតាកែវ ប្រព្រឹត្តទៅបានឆាប់រហ័ស និងសម្រេចបានជោគជ័យ ១០០% តាមផែនការកំណត់៕














