សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ដល់ ២០គ្រួសារងាយរងគ្រោះ

05-08-2026 21:10

(ព្រះវិហារ)៖ លោក យុង គឹមហ៊ាន នាយកប្រតិបត្តិសាខា និងលោក ញឹម វណ្ណា បុគ្គលិកគម្រោងសុវត្ថិភាពសហគមន៍ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២០គ្រួសារ ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងគោលដៅជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមានដើមទុនសម្រាប់ប្រកបមុខរបរ បង្កើនប្រាក់ចំណូល និងកាត់បន្ថយការពឹងផ្អែកលើការខ្ចីប្រាក់ដែលមានអត្រាការប្រាក់ខ្ពស់។

ក្នុងចំណោមគ្រួសារទាំង ២០ ដែលទទួលបានប្រាក់កម្ចី រួមមាន៖ គ្រួសារក្រីក្រចំនួន ១០គ្រួសារ, គ្រួសារអតីតយុទ្ធជនចំនួន ៣គ្រួសារ, គ្រួសារកងទ័ពចំនួន ៣គ្រួសារ, គ្រួសារនគរបាលការពារព្រំដែនចំនួន ២គ្រួសារ, គ្រួសារជនមានពិការភាពចំនួន ១គ្រួសារ និងគ្រួសារស្ត្រីមេម៉ាយចំនួន ១គ្រួសារ។ អ្នកទទួលផលទាំងនេះ មកពីឃុំចំនួន២ គឺឃុំរំដោះស្រែ និងឃុំជាំក្សាន្ត។

សកម្មភាពមនុស្សធម៌នេះ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគម្រោងសុវត្ថិភាពសហគមន៍របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។ គម្រោងនេះផ្តោតលើការជួយគាំទ្រប្រជាពលរដ្ឋងាយរងគ្រោះឱ្យមានលទ្ធភាពអភិវឌ្ឍជីវភាពរស់នៅដោយខ្លួនឯង ប្រកបដោយចីរភាព និងរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋាន៕