កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បង្រ្កាបជនសង្ស័យ៣នាក់ ករណីប្លន់ដោយប្រដាប់អាវុធអ្នកលក់ចាប់ហួយ២កន្លែង

05-08-2026 21:18

(ព្រះសីហនុ)៖ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបបានជនសង្ស័យចំនួន ៣នាក់ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្រោយធ្វើសកម្មភាពប្លន់ប្រដាប់អាវុធទៅលើអ្នកលក់ចាប់ហ៊ួយចំនួន ២កន្លែង ក្នុងក្រុងព្រះសីហនុ។

ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានអំពីករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) ដែលកើតឡើងនៅសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចបានចុះបង្រ្កាបដោយជោគជ័យ។

តាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានរកឃើញថា ករណីប្លន់ទាំងពីរនេះ គឺបង្កឡើងដោយក្រុមជនសង្ស័យតែមួយ។ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ៣នាក់ និងបានឆែកឆេរទីតាំងលាក់ខ្លួនចំនួន ២កន្លែង ដោយដកហូតបានអាវុធខ្លី ១ដើម គ្រាប់កាំភ្លើង សារធាតុសង្ស័យជាគ្រឿងញៀន ព្រមទាំងសម្ភារពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស និងវត្ថុតាងមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ កំពុងស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ការបង្រ្កាបនេះបានបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការប្តេជ្ញាចិត្តរបស់កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ៕