នគរបាលស្រុកត្រពាំងប្រាសាទ បង្ក្រាបក្រុមចោរលួចគោ និងឃាត់ខ្លួនជនសង្ស័យ ៧នាក់ និងដកហូតរថយន្តកែច្នៃដឹកគោមួយគ្រឿង

05-08-2026 21:25

(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីលួចសត្វគោចំនួន ៣ករណី ដែលបណ្តាលឱ្យប្រជាពលរដ្ឋបាត់បង់គោចំនួន ៣ក្បាល។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងដកហូតរថយន្តកែច្នៃសម្រាប់ដឹកគោមួយគ្រឿងជាវត្ថុតាង។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងការណែនាំពីលោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងកម្លាំងដឹកនាំដោយលោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានសហការជាមួយកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទំនប់ដាច់ និងឃុំព្រះប្រឡាយ។

លោកវរសេនីយ៍ទោ ជ័យ វាសនា បានបញ្ជាក់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះថា ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន ៣គ្រួសារ ពាក់ព័ន្ធនឹងការបាត់បង់សត្វគោ កម្លាំងនគរបាលបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ទើបកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៧នាក់ ដែលត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងករណីលួចសត្វគោ និងទទួលផលចោរកម្ម នៅភូមិជ័យនិវត្តន៍ ឃុំទំនប់ដាច់ និងភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។

វត្ថុតាងដែលដកហូតបានរួមមាន រថយន្តម៉ាក NISSAN FRONTIER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AC-2385 ដែលបានកែច្នៃទ្រុងសម្រាប់ដឹកសត្វគោ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់៕