ក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថានទូតកូរ៉េ ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រការអភិវឌ្ឍភូមិជំហាន២ របស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ

05-08-2026 21:59

(បាត់ដំបង)៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រការអភិវឌ្ឍភូមិជំហាន២ របស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ។ ពិធីចុះហត្ថលេខានេះ បានធ្វើក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងនៅសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, អភិបាលរងតំណាងអភិបាលខេត្តប៉ៃលិន និងបន្ទាយមានជ័យ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ, តំណាងមន្ទីរ/អង្គភាពនានាជុំវិញខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) សរុបចំនួន ១៥៦រូប។

ជាកិច្ចចាប់ផ្ដើម លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ដោយបានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ដ្រទូទៅ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទាំងផ្ទៃក្នុងខេត្ត និងតាមបណ្តោយព្រំដែន និងការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងខេត្ត។ លោកអភិបាល ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលនានានៃការអនុវត្តគម្រោងភូមិសន្តិភាព ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ដោយផ្តោតលើអភិបាលកិច្ចល្អ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ការបង្កើនប្រាក់ចំណូលគ្រួសារ និងការធ្វើឱ្យប្រសើរឡើងនូវសុខភាពនិងអនាម័យជនបទផងដែរ។

ជាមួយគ្នានោះ លោក ណម សារឿត តំណាងទីប្រឹក្សាគ្រប់គ្រងគម្រោង បានឡើងធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ភូមិ ជំហាន១ នៅក្នុងភូមិគោលដៅចំនួន ៣០ភូមិ លើគម្រោងតូចៗចំនួន ២៨គម្រោង ក្នុងនោះ ខេត្តបាត់ដំបង មានចំនួន ៦ភូមិ មានគម្រោងចំនួន ៦គម្រោង, ខេត្តប៉ៃលិន មាន ១២ភូមិ មានគម្រោងចំនួន ១២គម្រោង និងខេត្តបន្ទាយមានជ័យ មាន១២ភូមិ មានគម្រោងចំនួន ១០គម្រោង ហើយសម្រាប់ផែនការអនុវត្តជំហាន២នេះ នឹងអនុវត្តនៅក្នុងភូមិគោលដៅចំនួន៣០ភូមិ ក្នុងខេត្តគោលដៅទាំង៣ខាងលើ ដែលមានគម្រោងសរុបចំនួន ៣០គម្រោង។

លោក Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញថ្លែងចំណាប់អារម្មណ៍ ដោយបានបង្ហាញថា គម្រោងអភិវឌ្ឍន៍ជនបទ តាមបែបចូលរួមជំហានទី១ ពិតជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន និងជំរុញការអភិវឌ្ឍភូមិឱ្យមានការរីកចម្រើន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ ការអប់រំ ការថែទាំសុខភាព ការផ្គត់ផ្គង់ទឹក និងផ្លូវថ្នល់ ជាដើម។ លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់បន្ថែមទៀតថា ការចុះកិច្ចព្រមព្រៀងជំហានទី២នេះ គឺជាការបង្ហាញនូវការប្ដេជ្ញាចិត្ត និងការសន្យារួមគ្នារវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងអនាគតនិងការអភិវឌ្ឍដ៏ភ្លឺថ្លាសម្រាប់សហគមន៍ជនបទនៅកម្ពុជា។

នាឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវអំណរសាទរ ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការទទួលបាននូវសមិទ្ធផលនានាលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅទូទាំងខេត្តបាត់ដំបង។ លោករដ្ឋមន្ដ្រី បានជម្រាបជូនអំពីសមិទ្ធផល និងការរីកចម្រើននានា នៅទូទាំងប្រទេស ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព នៅក្នុងនីតិកាលកន្លងមកក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងក្នុងនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លោករដ្ឋមន្ដ្រី ក៏បានបន្ដជម្រាបជូនអំពីយុទ្ធសាស្ដ្រ និងគោលដៅនៃគោលនយោបាយស្ដីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព»។

លោករដ្ឋមន្ដ្រី បានបន្ដថា ការអភិវឌ្ឍភូមិ និងសហគមន៍ជនបទចម្រុះប្រកបដោយភាពធន់ និងបរិយាបន្ននៅតំបន់ជនបទ គឺជាការងារអាទិភាពមួយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការគាំទ្រសកម្មភាពអភិវឌ្ឍន៍សហគមន៍ជនបទទូទៅ សហគមន៍ដីសម្បទានសង្គមកិច្ចគ្រប់ប្រភេទ និងសហគមន៍ជនជាតិដើមភាគតិច ផងដែរ។ តាមរយៈការបង្កើត និងគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ជនបទ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅសហគមន៍ជនបទ ដើម្បីលើកស្ទួយគុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់សហគមន៍ជនបទ។ ក្នុងន័យនេះ គម្រោងអភិវឌ្ឍន៍សហគមន៍ជនបទនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹងភាពជាម្ចាស់ និងសមត្ថភាពសហគមន៍នៅតាមភូមិគោលដៅ តាមរយៈការរៀបចំផែនការអភិវឌ្ឍន៍ភូមិ ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ការពង្រឹងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងការគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍នានា ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ ប្រជាជននៅមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រី បានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសាធារណៈរដ្ឋកូរ៉េ នៅតែបន្តការចូលរួមយ៉ាងសកម្ម និងគាំទ្រដល់ការងារអភិវឌ្ឍន៍សហគមន៍ និងចលនាភូមិគំរូ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជំរុញសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ «កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០»។

បន្ថែមពីនេះ លោកនាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា តំណាងទីប្រឹក្សាគ្រប់គ្រងគម្រោង និងតំណាងគណៈកម្មាធិការអភិវឌ្ឍន៍ចំនួន ៣រូប ដែលមកពីខេត្តគោលដៅទាំង៣ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រការអភិវឌ្ឍភូមិជំហាន២ សម្រាប់អនុវត្តគម្រោងចាប់ពីឆ្នាំ២០២៦នេះទៅ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕