ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងពីសមិទ្ធផល និងគុណតម្លៃរបស់កម្ពុជា ក្នុងតួនាទីជាប្រធានប្តូរវេន ACCSM
05-08-2026 22:26
(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីសមិទ្ធផលធំៗ និងជាគុណតម្លៃនៃការរួមចំណែករបស់កម្ពុជា ក្នុងអាណត្តិជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM)
លោកបន្តថា កម្ពុជាបានទទួលតួនាទីជាប្រធានប្តូរវេន ACCSM ក្នុងដំណាក់កាលអន្តរកាលដ៏សំខាន់ គឺការបញ្ចប់ផែនការការងារឆ្នាំ២០២១-២០២៥ ព្រមទាំងការរៀបចំទិសដៅថ្មីសម្រាប់ឆ្នាំ២០២៦-២០៣០ ស្របពេលអាស៊ានចាប់ផ្តើមអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ ក្នុងនាមជាប្រធានប្តូរវេន កម្ពុជាបានដើរតួនាទីជាស្ពានភ្ជាប់ រក្សាសមិទ្ធផលពីដំណាក់កាលមុន និងបន្តត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ នៅក្នុងដំណាក់កាលបន្ទាប់។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងបែបនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សម្រាប់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ បានបញ្ចប់ទៅដោយរលូន នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារសុខាសៀមរាប។
ក្រោមការសម្របសម្រួលរបស់កម្ពុជា ប្រទេសសមាជិកបានរួមគ្នាពិនិត្យលទ្ធផលនៃការអនុវត្តគម្រោងនានាក្រោមផែនការការងារឆ្នាំ២០២១-២០២៥ និងបានដឹកនាំដំណើរការកសាងផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០ ដោយធានានូវភាពជាម្ចាស់រួម អាចអនុវត្តបាន និងមានយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាក់លាក់ ប្រកបដោយគណនេយ្យភាព និងប្រសិទ្ធភាព។
កម្ពុជាក៏បានជំរុញមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ឱ្យក្លាយជារបៀបវារៈតំបន់ និងបានផ្តួចផ្តើមរៀបចំ «សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការជំរុញនវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ផងដែរ។
ការធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះនេះ បានបង្ហាញពីតួនាទីដ៏សកម្ម និងសមត្ថភាពដឹកនាំរបស់កម្ពុជា ក្នុងការរួមចំណែកដល់ការកសាង និងអភិវឌ្ឍតំបន់អាស៊ាន ពង្រឹងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន និងអាស៊ានបូកបី។ លើសពីនេះ ការជ្រើសរើសខេត្តសៀមរាប ជាទីតាំងរៀបចំកិច្ចប្រជុំ បានចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាគោលដៅសម្រាប់កិច្ចប្រជុំ និងព្រឹត្តិការណ៍អន្តរជាតិ ព្រមទាំងគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន។ ភាពជោគជ័យនេះ កើតចេញពីការចូលរួមចំណែករបស់គ្រប់ភាគីពាក់ព័ន្ធ ដែលបង្ហាញថា កម្ពុជាអាចរៀបចំ និងដឹកនាំកិច្ចការតំបន់ប្រកបដោយវិជ្ជាជីវៈ សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់។















