គ្រួសារក្មេងស្រីរើសអេតចាយដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ទទួលបានអំណោយពីលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច

06-08-2026 08:34

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន ទៅប្រគល់ជូនគ្រួសារក្មេងស្រីរើសអេតចាយដែលបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មដោយសារគ្រោះថ្នាក់ចរាចរណ៍។

ក្មេងស្រីរងគ្រោះអាយុ ១៣ឆ្នាំ បានស្លាប់កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមុខផ្សារទំនើប LUCKY ផ្លូវជាតិលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីត្រូវបានអ្នកបើកបររថយន្តស៊េរីទំនើបម្នាក់ដែលស្រវឹងស្រាបុក។

គ្រួសារជនរងគ្រោះមានជីវភាពទីទ័លក្រលំបាកខ្លាំងណាស់ ដោយមានកូនប្រុសស្រី ៧នាក់ (ឥឡូវស្លាប់ម្នាក់នៅសល់ ៦នាក់) ប្តីមានជំងឺប្រចាំកាយ មិនអាចធ្វើការធ្ងន់បាន ហើយកូនស្រីដែលស្លាប់គឺជាទីពឹងបង្អែកជួយរើសអេតចាយជាមួយឪពុកម្តាយដើម្បីចិញ្ចឹមប្អូនៗ។ លើសពីនេះ កូនតូចទើបតែអាយុ ៨ខែ ក៏បានរងរបួសបែកក្បាលផងដែរ។

ដោយក្តីអាណិតអាសូរចំពោះស្ថានភាពដ៏លំបាករបស់គ្រួសារនេះ លោក ជា សុមេធី និងលោកស្រី ជា ផល្គុន បានចាត់ឱ្យក្រុមការងារចុះទៅផ្តល់ជំនួយជាបន្ទាន់។

អំណោយដែលបានប្រគល់ជូនរួមមាន អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ប្រេងឆា ១កាដុង ភួយ ១ កន្ទេល ១ ខ្នើយ ១ មុង ១ និងថវិកាចំនួន ១,០០០,០០០រៀល។

កាយវិការមនុស្សធម៌នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋដែលជួបការលំបាក និងជាការលើកទឹកចិត្តដល់គ្រួសាររងគ្រោះក្នុងគ្រាដ៏សោកសៅនេះ។