ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានា របស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅខេត្តបន្ទាយមានជ័យ

06-08-2026 12:22

(បន្ទាយមានជ័យ)៖ មណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលអភិវឌ្ឍន៍ជាច្រើនទៀតរបស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងសុខាភិបាល, អភិបាលនៃគណៈអភិបាលខេត្ត, ក្រុមប្រឹក្សាខេត្ត, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ កូរ៉េប្រចាំនៅកម្ពុជា, តំណាងដៃគូអភិវឌ្ឍន៍, មន្ដ្រីរាជការ, កងកម្លាំងទាំង ៣ ប្រភេទ, អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យុវជន ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន ៦១៦រូប។

កិច្ចចាប់ផ្ដើម លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ដោយបានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ដ្រទូទៅ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទាំងផ្ទៃក្នុងខេត្ត និងតាមបណ្តោយព្រំដែន និងការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងខេត្ត។ លោកអភិបាល ក៏បានសម្ដែងការសាទរចំពោះសមិទ្ធផលថ្មីៗដែលសម្រេចបានតាមសហគមន៍ជនបទ ក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ ជាមួយនឹងការប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការថែរក្សា គ្រប់គ្រង និងប្រើប្រាស់សមិទ្ធផលទាំងនេះ ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

ជាមួយគ្នានោះ លោក ណម សារឿត តំណាងទីប្រឹក្សាគ្រប់គ្រងគម្រោង បានឡើងធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ភូមិសន្ដិភាពចំនួន ១២ភូមិ នៅក្នុងខេត្តបន្ទាយមានជ័យ រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ, ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព, ការងារបង្កើនប្រាក់ចំណូល, ការងារលើកកម្ពស់សុខភាព អនាម័យ ព្រមទាំងការងារជំរុញអភិបាលកិច្ចល្អផងដែរ។

លោក Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញថ្លែងនូវចំណាប់អារម្មណ៍ ដោយបានបញ្ជាក់ជូនអំពីសារៈសំខាន់នៃការអនុវត្តគម្រោងការកសាងភូមិសន្តិភាព ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរបស់ប្រជាជននៅតំបន់ជនបទឱ្យកាន់តែប្រសើរឡើង។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីឱ្យប្រជាជននៅក្នុងភូមិសន្តិភាពអាចរីករាយនឹងគុណភាពជីវិតកាន់តែប្រសើរឡើង។

នាឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការទទួលបាននូវសមិទ្ធផលនានាលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសបានសម្តែងនូវអំណរសាទរចំពោះសមិទ្ធផលថ្មីនានា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាឱកាសនេះ។

លោករដ្ឋមន្ដ្រី បានជម្រាបជូនអំពីសមិទ្ធផល និងការរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន។

លោករដ្ឋមន្ដ្រី ក៏បានបន្ដជម្រាបជូនអំពីយុទ្ធសាស្ដ្រ និងគោលដៅនៃគោលនយោបាយស្ដីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព»។ លោករដ្ឋមន្ដ្រី បានបន្ដថា ការអភិវឌ្ឍភូមិ និងសហគមន៍ជនបទចម្រុះប្រកបដោយភាពធន់ និងបរិយាបន្ននៅតំបន់ជនបទ គឺជាការងារអាទិភាពមួយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការគាំទ្រសកម្មភាពអភិវឌ្ឍន៍សហគមន៍ជនបទទូទៅ សហគមន៍ដីសម្បទានសង្គមកិច្ចគ្រប់ប្រភេទ និងសហគមន៍ជនជាតិដើមភាគតិចផងដែរ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមទៀតថា គម្រោងការកសាងភូមិសន្ដិភាពនេះ ពិតជាបានចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ ប្រជាជននៅក្នុងភូមិគោលដៅ រួមទាំងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ហើយពិធីសម្ពោធសមិទ្ធផលនាថ្ងៃនេះរួមមាន៖ មណ្ឌលសុខភាពទំហំ ១៥មx១៥ម, បង្គន់បរិយាបន្ន ៣បន្ទប់, កន្លែងលាងដៃ ១កន្លែង, ឡដុតសំរាមនិងកាកសំណល់វេជ្ជសាស្ដ្រ ១កន្លែង, ប្រព័ន្ធចម្រោះទឹកស្អាត ១កន្លែង, ផ្ដល់ធុងស្តុកទឹកចំណុះ ១០ ០០០លីត្រ ១ធុង, អណ្តូងស្នប់ ១កន្លែង, មជ្ឈមណ្ឌលសិក្សាសហគមន៍, ស្រះទឹកសហគមន៍, បណ្ណាល័យនិងទីចាត់ការ, ផ្លូវបេតុងអារម៉េ និងស្ថានីយផលិតទឹកពិសាប៊ីដុងចំណុះ ២០លីត្រផងដែរ។