រដ្ឋមន្ដ្រីក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនជាង ១៥ម៉ឺននាក់ និងចំណាយថវិកាប្រមាណ ៦លានដុល្លារ (Video inside)
06-08-2026 16:24
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ មានបេក្ខជនចុះឈ្មោះប្រឡងសរុបជាង១៥ម៉ឺននាក់។
ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ធ្វើឡើងក្នុងឱកាសដែល ក្រសួងអប់រំ យុវជន និងកីឡា រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦» នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។
បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា សម្រាប់រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ រដ្ឋគ្រោងចំណាយថវិកាប្រមាណ ៦លានដុល្លារសហរដ្ឋអាមេរិក។
បើតាមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន, ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នឹងប្រព្រឹត្តទៅដោយឈរលើគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះ គឺជាប់»។
ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏សូមអំពាវនាវដល់បេក្ខជនទាំងអស់ គោរពបទប្បញ្ញត្តិនៃការប្រឡង ឱ្យបានម៉ឺងម៉ាត់ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវទូរស័ព្ទដៃ នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។
ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ថា បេក្ខជនដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
ដោយសារខែភ្លៀង រដ្ឋមន្ដ្រីក្រសួងអប់រំ ក៏បានអំពាវនាវឱ្យបេក្ខជនត្រូវមានអាវភ្លៀង និងធ្វើដំណើរកុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ត្រូវមកប្រឡងឱ្យទាន់ម៉ោង។
ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានឲ្យដឹងផងដែរថា រយៈពេល១០ឆ្នាំកន្លងទៅនេះ ក្រសួងអប់រំ បានចេញអាជ្ញាបណ្ណជូនសាលាឯកជន១០៧៧សាលារៀន។
សូមជម្រាបថា ការប្រឡងបាក់ឌុប ឆ្នាំ២០២៦នេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥ នាក់ (ស្រី ២២ ១៩៣ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣ ៧៩៣ នាក់ (ស្រី ៦២ ៥៤២ នាក់)។
បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ តាមមណ្ឌលសំណេរនីមួយៗ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរ មានចំនួនសរុប២៤៤មណ្ឌល ស្មើនឹង ៦ ១០៤ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ៦៨ មណ្ឌល ស្មើនឹង ១ ៥២៦ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៧៦ មណ្ឌល ស្មើនឹង ៤ ៥៧៨ បន្ទប់។ ចំណែកឯ មណ្ឌលកំណែ មានចំនួន១០មណ្ឌល ស្ថិតនៅរាជធានីភ្នំពេញ៕


















