ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ សាលាដែលមានសិស្សជាប់និន្ទេស A ច្រើនជាងគេ និងសាសាមានអត្រាសិស្សជាប់ច្រើន នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត និងដាក់ជាសាលាគំរូ (Video inside)
06-08-2026 16:25
(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា សាលារៀនណាដែលមានអត្រាសិស្សជាប់និទ្ទេស A ច្រើនជាងគេ និងមានអត្រាសិស្សជាប់ច្រើន ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០២៦នេះ ក្រសួងនឹងបន្តផ្តល់រង្វាន់ និងដាក់ជាសាលាគំរូ។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន គូសបញ្ជាក់បែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦» នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ។
បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានគូសបញ្ជាក់បន្ថែមថា កាលពីឆ្នាំមុនសាលាប្រមាណជាង ៤២០ ត្រូវបានក្រសួងដាក់ជាសាលាគំរូរួចមកហើយ និងបានផ្តល់រង្វាន់ជាថវិកាប្រមាណ ៥លានរៀល។
លោកបានកត់សម្គាល់ថា ភាគច្រើននៃសាលាដែលមានសិស្សជាប់និទ្ទេស A គឺស្ថិតនៅតាមទីប្រជុំជន។ ទោះជាយ៉ាងណា សាលារៀននៅតាមតំបន់ជនបទ ដែលមានអត្រាជាប់ខ្ពស់ ១០០% ៩៥% ឬស្ថិតក្នុងកម្រិត ៩០% ក៏នឹងត្រូវបានដាក់បញ្ចូលជាសាលាគំរូផងដែរ ដើម្បីលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់គ្រូបង្រៀន និងសិស្សានុសិស្សនៅតាមតំបន់ទាំងនោះ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងក្តីសង្ឃឹមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់វិភាជថវិកាទៅតាមលទ្ធផលនេះ ដែលជាគោលដៅដ៏សំខាន់របស់ក្រសួងអប់រំ។
លើសពីនេះ លោកគាំទ្រដល់ការផ្តល់រង្វាន់ដល់សិស្ស ដែលប្រឡងបាននិទ្ទេស A ឬសិស្សដែលទទួលបានលំដាប់ពិន្ទុខ្ពស់។ លោកឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់សាធារណជន មេត្តាផ្តល់ជាម៉ូតូ ឬរថយន្ត ជូនដល់បេក្ខជនដែលទទួលបានពិន្ទុខ្ពស់ជាងគេ ដើម្បីជាការលើកទឹកចិត្តបន្ថែម ដល់ការខិតខំរៀនសូត្ររបស់ពួកគេ៕


















