ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អំពាវនាវឪពុកម្តាយលើកទឹកចិត្តកូនរៀនថ្នាក់វិទ្យាសាស្ត្រ ខណៈក្រសួងត្រៀមលើកទឹកចិត្តបន្ថែម ដើម្បីឱ្យសិស្សងាកមករៀនថ្នាក់វិទ្យាសាស្ត្រកាន់តែច្រើន (Video inside)

06-08-2026 16:38

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំពាវនាវឱ្យឪពុកម្តាយលើកទឹកចិត្តកូនៗឱ្យរៀនថ្នាក់វិទ្យាសាស្ត្រ ខណៈក្រសួងនឹងមានការជំរុញលើកទឹកចិត្តដល់សិស្សរៀនថ្នាក់វិទ្យាសាស្ត្រ។

លោកបានអំពាវនាវបែបនេះ​ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦» នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានឲ្យដឹងថា រដ្ឋវិនិយោគច្រើនណាស់ លុយរាប់លានដុល្លារ ប៉ុន្តែបានសិស្សវិទ្យាសាស្ត្រ ៤០% និងសង្គម ៦០% ធ្លាក់ចុះ ៤% ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ ឆ្នាំនេះ ក្រសួងនឹងផ្តល់ការលើកទឹកចិត្តហើយទៅថ្ងៃក្រោយទៀត នឹងបន្តធ្វើម៉េច ដើម្បីលើកទឹកចិត្តឲ្យសិស្សរៀនវិទ្យាសាស្ត្រឲ្យបានច្រើន។

លោកបានបន្ថែមថា សម្រាប់លទ្ធផលថ្នាក់វិទ្យាសាស្ត្រ ជាមួយនឹងការប្រឡងនៅសាលាតិចណូវិញ ជារៀងរាល់ឆ្នាំ មានបញ្ជូនសិស្ស ចាប់ពី ២ទៅ៨នាក់ ទៅរៀនសាលាធំៗ នៅអឺរ៉ុប។ ឆ្នាំ២០២៤-២០២៥ បានបញ្ជូន ១៥០នាក់ ក្នុងនោះ ២២នាក់បណ្ឌិត និង ១២៨នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ដែលបង្ហាញពីគុណភាពកើនឡើង ខណៈសិស្ស ៩៩ភាគរយ ដែលប្រឡងជាប់ចូលរៀននៅសាលាតិចណូ ជាសិស្សមកពីថ្នាក់វិទ្យាស្ត្រ។ ជាមួយគ្នានេះ ចំពោះសិស្សនិទ្ទេស A មាន ៩២% ជាសិស្សមកពីថ្នាក់វិទ្យាសាស្ត្រផងដែរ។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា «រៀនថ្នាក់វិទ្យាសាស្ត្រវាពិបាក អីចឹងត្រូវធ្វើអី? ក្រសួងនឹងលើកទឹកចិត្ត... ខ្ញុំមិនទាន់ប្រាប់ទេ ប៉ុន្តែសិស្សនឹងមានការចាប់អារម្មណ៍ហើយ ប្រសិនបើដើម្បីជាប់។ ទី២ ត្រូវម៉ែឪ ត្រូវជួយដែរ ម៉ែឪត្រូវតម្រស់ទិសកូន កុំបន្ទោសក្មេង ម៉ែឪក៏ត្រូវចូលរួម សង្គមទាំងមូលក៏ត្រូវចូលរួម ជាពិសេសត្រូវជួយគាំទ្រសាលារៀនសហគមន៍»

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥ នាក់ (ស្រី ២២ ១៩៣ នាក់) និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣ ៧៩៣ នាក់ (ស្រី ៦២ ៥៤២ នាក់)៕