ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន អំពាវនាវវិស័យឯកជន ជួយឧបត្ថម្ភគាំទ្រ និងផ្ដល់រង្វាន់លើកទឹកចិត្តសិស្សនិទ្ទេស A (Video inside)
06-08-2026 16:43
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់វិស័យឯកជន ជួយឧបត្ថម្ភគាំទ្រ និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សដែលបានប្រឡងជាប់និទ្ទេស A។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦» នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។
ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវទៅដល់ក្រុមហ៊ុន ផ្ដល់ជារង្វាន់ម៉ូតូ ឬមួយក៏ឡាន ដើម្បីផ្ដល់ជូនបេក្ខជន ដែលបាននិទ្ទេស A ហើយអ្វីដែលសំខាន់ គឺបេក្ខជនខ្លួនឯងត្រូវច្បាស់ថា លទ្ធផលនៃការប្រឡងនេះ គឺជួយខ្លួនឯង ក្នុងការសិក្សារៀនសូត្រ ដែលជាការវិនិយោគមួយ សម្រាប់ជួយខ្លួនឯង»។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានលើកឡើងថា សាលាដែលមានសិស្សជាប់និន្ទេស A ច្រើន នឹងទទួលបានការលើកទឹកចិត្ត ដោយដាក់ជាសាលាគំរូ ខណៈសាលានៅជនបទ ដែលមានអត្រាជាប់ច្រើនជាងគេ ក៏ដាក់ជាសាលាគំរូផងដែរ។
បើតាមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន, ទៅថ្ងៃអនាគត ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្ដល់វិភាជថវិកា ទៅតាមលទ្ធផលដល់ក្រសួង ដែលនេះ ជាគោលដៅរបស់ក្រសួងអប់រំ។
សូមជម្រាបថា ការប្រឡងបាក់ឌុប ឆ្នាំ២០២៦នេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥ នាក់ (ស្រី ២២ ១៩៣ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣ ៧៩៣ នាក់ (ស្រី ៦២ ៥៤២ នាក់)។
បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ តាមមណ្ឌលសំណេរនីមួយៗ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរ មានចំនួនសរុប២៤៤មណ្ឌល ស្មើនឹង ៦ ១០៤ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ៦៨ មណ្ឌល ស្មើនឹង ១ ៥២៦ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៧៦ មណ្ឌល ស្មើនឹង ៤ ៥៧៨ បន្ទប់។ ចំណែកឯ មណ្ឌលកំណែ មានចំនួន១០មណ្ឌល ស្ថិតនៅរាជធានីភ្នំពេញ៕


















