ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ អ្នកបង្ហោះវិញ្ញាសាប្រឡងនឹងទទួលទោសយ៉ាងតឹងរ៉ឹងបំផុត (Video inside)
06-08-2026 16:45
(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឲ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំពោះអ្នកបង្ហោះវិញ្ញាសាប្រឡង នឹងទទួលទោសយ៉ាងតឹងរ៉ឹងបំផុត ដែលអាចឈានដល់ការបណ្ដេញចេញពីក្របខណ្ឌតែម្ដង។
ការលើកឡើងរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំប្រឡងសញ្ញាបត្ រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦» នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងឲ្យដឹងថា ចំពោះការទប់ស្កាត់ការបែកធ្លាយវិញ្ញាសានេះ គឺការមិនអនុញ្ញាតឲ្យបង្ហោះមុនពេលប្រឡង កំពុងដំណើរការប្រឡង និងក្រោយពេលការបញ្ចប់ការប្រឡង។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់បន្ថែមថា «ដោយឡែកសម្រាប់អ្នកដែលរំលោភលើច្បាប់នេះ នឹងទទួលទោសទណ្ឌយ៉ាងតឹងរឹងបំផុត ដោយអាចនឹងបញ្ឈប់ការងារ ឬដាក់ទោសតាមផ្នែករដ្ឋបាល ឬអាចឈានដល់ការបណ្ដេញចេញពីក្របខណ្ឌតែម្ដង»៕


















