មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ បង្ហាញការយកចិត្តទុកដាក់ខ្ពស់ ជួយបង្រៀនបំប៉នបេក្ខជនបាក់ឌុបជាង ១ម៉ឺននាក់ ដែលរស់នៅតំបន់ភៀសសឹក (Video inside)

06-08-2026 16:54

(ភ្នំពេញ)៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាង ១ម៉ឺននាក់ ដែលកំពុងរងផលប៉ះពាល់នៅតំបន់ភៀសសឹក ដោយក្រសួងបានផ្តល់ការបង្រៀនបំប៉នបន្ថែមដល់ពួកគេ ដើម្បីជួយសិស្សនុសិស្សទាំងនោះឱ្យទទួលពិន្ទុល្អ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាក។

លោកស្រី គឹម សេដ្ឋានី លើកឡើងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦» នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។

លោកស្រីបានឱ្យដឹងបន្តថា ក្រសួងបានអនុវត្តកម្មវិធីបង្រៀនបំប៉នបន្ថែមនេះ ចាប់តាំងពីខែមិថុនា កក្កដា និងសីហា ដោយរៀបចំការបង្រៀនពេញមួយថ្ងៃរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងពេលរសៀលរៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ ដែលការបង្រៀននេះ ធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ ដោយគ្រូបង្រៀនល្បីៗមកពីវិទ្យាល័យឥន្ទ្រទេវី។

លោកស្រីបញ្ជាក់ថា សម្រាប់ការបង្រៀនសិស្សានុសិស្ស នៅតាមវិទ្យាល័យក្នុងខេត្តជាប់ព្រំដែនចំនួន៣ គឺបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ គឺក្រសួងបានរៀបចំបន្ទប់សិក្សាពីរដាច់ដោយឡែក មួយសម្រាប់ផ្នែកវិទ្យាសាស្ត្រពិត និងមួយទៀតសម្រាប់ផ្នែកវិទ្យាសាស្ត្រសង្គម ដោយមានគ្រូសម្របសម្រួលប្រចាំការ ដើម្បីធានាថា សិស្សចូលរួមសិក្សាបានពេញលេញ។

ក្រៅពីការបង្រៀនបំប៉ន ក្រសួងក៏បានរៀបចំបោះពុម្ពកម្រងវិញ្ញាសារជាសៀវភៅចំនួន ១ម៉ឺនក្បាល ដើម្បីចែកជូនដល់បេក្ខជនទាំងអស់ ជាជំនួយស្មារតីក្នុងការត្រៀមប្រឡងផងដែរ៕