ថ្នាក់ដឹកនាំខេត្តព្រៃវែង និងព្រះសង្ឃ នាំយកស្បៀង និងសម្ភារឧបត្ថម្ភជូនវីរកងទ័ពកងពលលេខ៩ ប្រចាំទិសខេត្តព្រះវិហារ

06-08-2026 17:04

(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងមានការនិមន្តចូលរួមពីព្រះមន្រ្តីសង្ឃខេត្ត បានចុះជួបសំណេះសំណាល និងនាំយកអំណោយជាស្បៀងអាហារ និងសម្ភារៈឧបត្ថម្ភផ្សេងៗ ជូនដល់វីរកងទ័ពនៃកងពលលេខ៩ ប្រចាំទិសខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសដ៏មានអត្ថន័យនេះលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងបញ្ជាក់ថា សកម្មភាពនេះគឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ការដឹងគុណ និងការគាំទ្រយ៉ាងមុតមាំពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រៃវែង ចំពោះពលីកម្មដ៏ធំធេងរបស់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាននៅតាមបន្ទាត់ព្រំដែន។

ជាមួយគ្នានេះ លោក ស្បោង សារ៉ាត ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការកោតសរសើរយ៉ាងស្មោះស្ម័គ្រពីសំណាក់ថ្នាក់ដឹកនាំថ្នាក់ជាតិ ក៏ដូចជារដ្ឋបាលខេត្តព្រៃវែង ជូនចំពោះកងកម្លាំងទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ក្នុងការការពារបូរណភាពទឹកដី។

អំណោយដែលបានផ្តល់ជូនរួមមាន៖ ថវិកា ១០លានរៀល ម៉ូតូ ១០គ្រឿង សូឡា ៥ឈុត ស៊ីម៉ងត៍ ១០តោន ខ្សាច់ ៣២គីប គ្រួស ៣២គីប ដែក ២.៥០០គីឡូក្រាម ត្រីខ ១០២កេស ប្រហុក ១០០គីឡូក្រាម មី ៥៣៥កេស ទឹកស៊ីអ៉ីវ ១២៥យួរ ទឹកត្រី ២៥យួរ ទៃខ្មៅ ២០.០០០ទៃ តង់ ២០០តង់ អង្ករ ៨.៣៧៥គីឡូក្រាម ប៊ីចេង ៤កេស ទឹកសុទ្ធសរុប ១០៥៧យួរ/កេស និងទឹកផ្លែឈើ ៩កេស។

ដោយឡែក ព្រះមេគណខេត្តព្រៃវែង ក៏បាននិមន្តចូលរួម និងនាំយកនូវអំណោយជាថវិកា ចំនួន ១០លានរៀល និងសារ៉ុង ចំនួន ៥០០ ចូលរួមឧបត្ថម្ភជូនវីរកងទ័ពកងពលលេខ៩ នៅទិសខេត្តព្រះវិហារនេះផងដែរ។ ការឧបត្ថម្ភទាំងនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងដល់កងទ័ពក្នុងការបន្តបំពេញភារកិច្ចការពារជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕