បណ្ឌិត សុខ ទូច និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ជួបពិភាក្សាជំរុញការយល់ដឹងពីជំនាញវិជ្ជាជីវៈ និងឱកាសការងារ

06-08-2026 17:19

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបនិងពិភាក្សាការងារជាមួយនឹងប្រតិភូអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំដោយលោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ថ្លែងក្នុងជំនួបពិភាក្សាការងារនាឱកាសនេះ លោក ងុយ រិទ្ធ បានកត់សម្គាល់​ និងកោតសរសើរចំពោះសមិទ្ធផល ដែលរាជបណ្ឌិត្យសភាកម្ពុជា សម្រេចបានក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច និងបានជម្រាបជូនបណ្ឌិតសភាចារ្យ អំពីដំណើរការប្រព្រឹត្តទៅនៃអគ្គនាយកដ្ឋាន បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការផ្សព្វផ្សាយឱកាសការងារដល់យុវជន និងសាធារណជនទូទៅ។

បណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ពិតជាមានសារៈសំខាន់នៅក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងពេលដែលនិន្នាការយុវជនបច្ចុប្បន្ន មានទំនោរបន្តការសិក្សា នៅគ្រឹះស្ថានឧត្ដមសិក្សាលើមុខជំនាញឯកទេស ជាជាងជំនាញវិជ្ជាជីវៈ។

បណ្ឌិតសភាចារ្យ សុខ ទូច បានបន្ថែមថា ការកសាងធនធាន មនុស្សដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យទទួលបានជោគជ័យយូរអង្វែង ត្រូវការជាចាំបាច់នូវការពង្រឹងការអប់រំនិងបណ្ដុះបណ្ដាលទាំងជំនាញឯកទេសនិងជំនាញវិជ្ជាជីវៈ និងតម្រង់ទិសចាប់ពីកម្រិតមូលដ្ឋាន ដែលផ្ដោតលើទេពកោសល្ល និងឧបនិស្ស័យរបស់កុមារ។

ទោះជាយ៉ាងណា បណ្ឌិតសភាចារ្យ សុខ ទូច​ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន កម្ពុជាត្រូវកម្លាំងពលកម្មជំនាញវិជ្ជាជីវៈយ៉ាងសំខាន់ ដែលតម្រូវឱ្យផ្ដោតការយកចិត្តទុកដាក់បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទាំងរយៈពេលខ្លី និងរយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន។

បន្ថែមពីលើការជជែកពិភាក្សា និងផ្លាស់ប្ដូរទស្សនៈយល់ឃើញពាក់ព័ន្ធ នឹងដំណើរការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅកម្ពុជា, លោក ងុយ រិទ្ធ បានបង្ហាញពីគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ លើការជំរុញ ការផ្សព្វផ្សាយព័ត៌មាន និងការយល់ដឹងអំពី ការបណ្ដុះបណ្ដាលបច្ចេកទេសនិងជំនាញវិជ្ជាជីវៈ និងការផ្សព្វផ្សាយឱកាសការងារ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានឯកភាពចំពោះគោលបំណងនេះ ហើយរាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបញ្ជ្រាប និងពង្រីកការយល់ដឹងអំពីសារៈសំខាន់នៃជំនាញវិជ្ជាជីវៈ និងរួមចំណែកជំរុញការផ្សព្វផ្សាយឱកាសការងារដល់សាធារណជនទូទៅ៕