អគ្គិសនីកម្ពុជា នឹងផ្លាស់ប្តូររបៀបជូនដំណឹង អំពីការដាច់ចរន្តអគ្គិសនីបណ្តោះអាសន្ន តាមរយៈកម្មវិធី EDC App ចាប់ពីឆ្នាំ២០២៧
06-08-2026 17:54
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) នឹងធ្វើការផ្លាស់ប្តូររបៀប នៃការជូនដំណឹងអំពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ចាប់ពីឆ្នាំ២០២៧ ខាងមុខនេះតទៅ។
ការផ្លាស់ប្តូរនេះ គឺដើម្បីបង្កើនប្រសិទ្ធភាព និងភាពងាយស្រួលដល់អតិថិជន ដោយនឹងបញ្ជូនព័ត៌មានផ្ទាល់ ទៅកាន់តែអតិថិជនដែលរងផលប៉ះពាល់ តាមរយៈកម្មវិធី EDC App។
កន្លងមក អគ្គិសនីកម្ពុជាតែងតែចេញសេចក្ដីជូនដំណឹងប្រចាំសប្តាហ៍ នៅលើទំព័របណ្ដាញសង្គមផ្លូវការ និងសារព័ត៌មានមួយចំនួន អំពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ដែលជាការចាំបាច់ដើម្បីត្រួតពិនិត្យ ថែទាំប្រព័ន្ធ ឬដំឡើងសម្ភារបង្កើនគុណភាពនៃការផ្គត់ផ្គង់។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រនេះ បានបង្កឱ្យអតិថិជនមួយចំនួន មិនបានទទួលព័ត៌មានទាន់ពេលវេលា ហើយជួនកាលក៏រំខានដល់អ្នកដែលមិនរងផលប៉ះពាល់ផងដែរ។
ស្របតាមការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល អគ្គិសនីកម្ពុជានឹងសាកល្បងផ្លាស់ប្តូរពីការផ្សព្វផ្សាយជាសាធារណៈ មកជាការបញ្ជូនព័ត៌មានតាមរយៈកម្មវិធី EDC App ជូនតែអតិថិជនដែលរងការប៉ះពាល់ផ្ទាល់តែប៉ុណ្ណោះ។ លើសពីនេះ ចំពោះករណីដាច់ចរន្តអគ្គិសនីភ្លាមៗដោយយថាហេតុ ដូចជាការជីកកកាយប៉ះខ្សែបណ្តាញ ឬកត្តាធម្មជាតិជាដើម អគ្គិសនីកម្ពុជាក៏នឹងព្យាយាមជូនដំណឹងអំពីមូលហេតុ និងដំណើរការជួសជុលតាមរយៈកម្មវិធី EDC App ដល់អ្នកប៉ះពាល់ផ្ទាល់ផងដែរ។
អាស្រ័យហេតុនេះ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់អតិថិជនទាំងអស់ មេត្តាប្រើប្រាស់កម្មវិធី EDC App ដើម្បីអាចទទួលបានព័ត៌មាន (Push Notification) ផ្ទាល់ រួមទាំងការដាច់ចរន្តអគ្គិសនីបានទាន់ពេលវេលា។ ក្នុងករណីមានបញ្ហា ក្នុងការទាញយកកម្មវិធីដោយខ្លួនឯងផ្ទាល់ អតិថិជនអាចអញ្ជើញទៅកាន់សាខាអគ្គិសនីកម្ពុជា ដែលនៅជិតបំផុត ដោយភ្ជាប់មកជាមួយនូវវិក្កយបត្រអគ្គិសនី និងអត្តសញ្ញាណប័ណ្ណ ដើម្បីទទួលបានការជួយសម្របសម្រួល។
អគ្គិសនីកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា អតិថិជនទាំងអស់នឹងចូលរួមសហការប្រើប្រាស់កម្មវិធីនេះ ដើម្បីទទួលបាននូវសេវាកម្មឌីជីថលទំនើប ងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕





