ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិចចំនួន ២៥ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
06-08-2026 17:59
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជូនដំណឹងពីការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) ចំនួន ២៥ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧នៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ។
ដែលមានអត្ថប្រយោជន៍និងលក្ខខណ្ឌដូចខាងក្រោម៖
១. អត្ថប្រយោជន៍នៃការសិក្សា
និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖
- កុំព្យូទ័រយួរដៃ ១គ្រឿង
- ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ
- ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិងក្រៅប្រទេស
- ការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ.ដើម្បីជួយសម្រួលដល់ការសិក្សារយៈពេល៤ឆ្នាំដោយជោគជ័យ
- ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និស្សិតអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅក្នុងប្រទេស ឬក្រៅប្រទេស តាមការរៀបចំរបស់ ក.ប.ទ.។
២. លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
- ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ មាន និទ្ទេសរួម A ហើយត្រូវមាន និទ្ទេស A លើមុខវិជ្ជា គណិតវិទ្យា និង រូបវិទ្យា (សិស្សពូកែគណិតវិទ្យា និងរូបវិទ្យាថ្នាក់ជាតិ ត្រូវបានលើកទឹកចិត្ត)
- ត្រូវឆ្លងកាត់ការប្រឡងប្រជែងដូចបានកំណត់នៅក្នុងចំណុចទី៣ ខាងក្រោម។
៣. កាលបរិច្ឆេទ និងការទទួលពាក្យប្រឡង
- បេក្ខជន និងបេក្ខនារី ត្រូវមកចុះឈ្មោះប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអាសយដ្ឋាននៅអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ (សូមស្កេន QR Code សម្រាប់ទីតាំងលើ Google Map)
- បេក្ខជន បេក្ខនារី ត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសា គណិតវិទ្យា រូបវិទ្យា និង ភាសាអង់គ្លេស (ក្នុងករណីបេក្ខជន បេក្ខនារីពុំមានលទ្ធផលបញ្ជាក់សមត្ថភាពភាសាអង់គ្លេស)៕






