រាជបណ្ឌិត្យសភាកម្ពុជា ចុះ MoU ជាមួយសាលានាយទាហានសកម្ម ដើម្បីរួមចំណែកនៅក្នុងការពង្រីកចំណេះដឹងរវាងវិស័យយោធា និងវិស័យស៊ីវិល

06-08-2026 19:39

(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា (RAC) និងសាលានាយទាហានសកម្ម នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរួមចំណែកនៅក្នុងការពង្រីកចំណេះដឹងថ្នាក់ដឹកនាំ បុគ្គលិក យោធាចារ្យ និងនិស្សិតនាយទាហានសកម្ម ធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងការបណ្ដុះបណ្ដាល និងពង្រីកទំនាក់ទំនងរវាងវិស័យយោធានិងវិស័យស៊ីវិល ដើម្បីអភិវឌ្ឍសង្គមជាតិ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកឧត្ដមសេនីយ៍ត្រី ហួរ ម៉េងហួង នាយកសាលានាយទាហានសកម្ម។

ថ្លែងក្នុងឱកាសចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ឧត្ដមសេនីយ៍ត្រី ហួរ ម៉េងហួង បានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាលានាយទាហានសកម្មជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរួមចំណែកនៅក្នុងការពង្រីកចំណេះដឹងថ្នាក់ដឹកនាំ បុគ្គលិក យោធាចារ្យ និងនិស្សិតនាយទាហានសកម្ម ធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងការបណ្ដុះបណ្ដាល និងពង្រីកទំនាក់ទំនងរវាងវិស័យយោធានិងវិស័យស៊ីវិល ដើម្បីអភិវឌ្ឍសង្គមជាតិ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា លោកពិតជា មានសេចក្ដីសោមនស្សក្រៃលែងនៅក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាឱកាសនេះ ហើយលោកមានក្ដីរំពឹងយ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងក្លាយទៅជាចលករយ៉ាងសំខាន់នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិផ្លាស់ប្ដូរទស្សនៈយល់ឃើញ ជំរុញការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្ររួមគ្នា ការផ្លាស់ប្ដូរព័ត៌មាននិងការបោះពុម្ពផ្សាយ ការផ្លាស់ប្ដូរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការផ្សេងៗរវាងស្ថាប័នទាំងពីរ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ និងការឯកភាពគ្នារវាងគូភាគី៕