នគរបាលខេត្តព្រះសីហនុ បន្តចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិនិត្យជាតិស្រវឹង និងតេស្តរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធំ
06-08-2026 20:38
(ព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្ដចុះយុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយផ្តោតសំខាន់លើការត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្តរកសារធាតុញៀនចំពោះអ្នកបើកបររថយន្តធុនធំ។
វិធានការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ប្រតិបត្តិការនេះបានប្រព្រឹត្ត ទៅនៅលើស្មារតីទទួលខុសត្រូវខ្ពស់ នៅចំណុចលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២២០-២២១ ស្ថិតក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ការចុះរឹតបន្តឹងខាងលើនេះ គឺអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចង្អុលណែនាំជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ក៏ដូចជាការលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ និងពង្រឹងការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា ការចុះរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្ដរក សារធាតុគ្រឿងញៀន ទៅលើអ្នកបើកបររថយន្តធុនធំចំនួន ២៨នាក់ មានវិជ្ជាមានចំនួន ១នាក់ បច្ចុប្បន្នកម្លាំងសម្ថតកិច្ចបានប្រគល់ជូនទៅការិយាល័យជំនាញគ្រឿងញៀន ដើម្បីធ្វើការបន្សាប៕
















