អភិបាលខេត្តកណ្តាល ជំរុញឲ្យវិស័យសុខាភិបាលធ្វើការឱ្យបានម៉ឺងម៉ាត់ ក្នុងការកែតម្រូវចំណុចខ្វះខាត និងលើកកម្ពស់គុណភាពស្ថាប័ន បម្រើពលរដ្ឋឲ្យបានល្អ
06-08-2026 21:27
(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងជម្រុញដល់វិស័យសុខាភិបាល ត្រូវបន្តខិតខំស្វែងយល់ និងអនុវត្តនូវរាល់សូចនាករទាំង៨ ចំណុច ក្នុងការវាយតម្លៃសេវាសាធារណៈគំរូ ឱ្យបានម៉ឺងម៉ាត់, ត្រូវកែតម្រូវចំណុចខ្វះខាត និងបន្តលើកកម្ពស់គុណភាពស្ថាប័ន បម្រើពលរដ្ឋឲ្យបានល្អ ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលដែលមានប្រសិទ្ធភាព សុវត្ថិភាព និងប្រកបដោយទំនុកចិត្តខ្ពស់ពីសំណាក់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្តកណ្តាលថ្លែងបែបនេះ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារសុខាភិបាលក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការចូលរួមពីអភិបាលរងខេត្ត អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែក និងប្រធានមណ្ឌលសុខភាពជាច្រើនរូប។
លោកអភិបាលខេត្ត បានបញ្ជាក់បន្តថា កំណើនសេដ្ឋកិច្ច និងការប្រែប្រួលប្រជាសាស្ត្រ បានធ្វើឱ្យប្រជាពលរដ្ឋមានការរំពឹងទុកកាន់តែខ្ពស់លើគុណភាពសេវាសុខាភិបាល ខណៈប្រព័ន្ធសុខាភិបាលក៏កំពុងប្រឈមនឹងការកើនឡើងនៃជំងឺមិនឆ្លង បញ្ហាសុខភាពផ្លូវចិត្ត និងតម្រូវការថែទាំមនុស្សវ័យចាស់។ ដូច្នេះ វិស័យសុខាភិបាលត្រូវតែពង្រឹងការថែទាំសុខភាពបឋម ចាប់យកបច្ចេកវិទ្យាឌីជីថល និងអនុវត្តកំណែទម្រង់ឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។
លោកក៏បានណែនាំឱ្យមន្ត្រីសុខាភិបាល និងគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ ដោយយកចិត្តទុកដាក់ពន្យល់អំពីស្ថានភាពជំងឺ និងនីតិវិធីព្យាបាលដល់អ្នកជំងឺ និងក្រុមគ្រួសារ ស្តាប់កង្វល់ និងឆ្លើយតបរាល់សំណួរដោយការយោគយល់ ផ្តល់ភាពកក់ក្តៅ ទំនុកចិត្ត និងការគោរព ដើម្បីឱ្យអ្នកជំងឺមានអារម្មណ៍សុវត្ថិភាព និងពេញចិត្តចំពោះសេវាសុខាភិបាល មួយវិញទៀតមន្ត្រីសុខាភិបាលដាច់ខាតមិនត្រូវបង្ហាញអាកប្បកិរិយារើសអើង ក្រអឺតក្រទម ឬប្រើប្រាស់តួនាទី និងនីតិវិធីវេជ្ជសាស្ត្រដើម្បីគំរាមកំហែង ឬបង្កការលំបាកដល់អ្នកជំងឺឡើយ ព្រោះការផ្តល់សេវាសុខាភិបាលត្រូវឈរលើគោលការណ៍សមធម៌ សុចរិតភាព និងមនុស្សធម៌។
លោកអភិបាលខេត្ត បញ្ជាឲ្យពង្រឹងការត្រួតពិនិត្យ និងអនុវត្តវិធានការតឹងរ៉ឹងចំពោះគ្លីនិកឯកជនដែលមិនមានច្បាប់អនុញ្ញាត រាល់ការប្រកបមុខរបរក្នុងវិស័យសុខាភិបាល ត្រូវធានាថា អ្នកប្រកបរបរទាំងអស់នោះត្រូវមានការអប់រំ មានសញ្ញាបត្រត្រឹមត្រូវ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធានាការព្យាបាលប្រកបដោយសុវត្ថិភាព និងមិនបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ ហើយរដ្ឋបាលខេត្តកណ្តាលនឹងមិនអនុញ្ញាតឱ្យបុគ្គលដែលគ្មានច្បាប់ ឬគ្មានសមត្ថភាព បើកគ្លីនិកប្រកបមុខរបរក្នុងសុខាភិបាលជាដាច់ខាត៕














