លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំក្រុមការងារចុះពិនិត្យ និងសិក្សាគម្រោងផ្លូវជនបទចំនួន៦ខ្សែ នៅខេត្តកំពង់ស្ពឺ

06-08-2026 21:33

(កំពង់ស្ពឺ)៖ នាថ្ងៃព្រហស្បត្តិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ធស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារផ្នែកបច្ចេកទេសផ្លូវជនបទ នៃអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោងកែលម្អផ្លូវជនបទជំហានទី៤ (RRIP-IV) ចុះពិនិត្យ និងសិក្សាគ្រោងប្លង់លម្អិតខ្សែផ្លូវគម្រោងចំនួន៦ខ្សែ ស្ថិតនៅក្នុងស្រុកភ្នំស្រួច ស្រុកសំរោងទង ស្រុកសាមគ្គីមុនីជ័យ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងបេសកកម្មនេះ ក៏មានការចូលរួមពីលោកបណ្ឌិត លឹម អ៊ីវ នាយករងគម្រោង លោកស្រីបណ្ឌិត ទូច សម្ភស្ស ប្រធានអនុវត្តគម្រោង លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ រួមជាមួយមន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានផងដែរ។ ការចុះពិនិត្យ និងសិក្សានេះ ផ្តោតសំខាន់ទៅលើលក្ខណៈភូមិសាស្ត្រ ស្ថានភាពខ្សែផ្លូវ និងជលសាស្ត្រក្នុងតំបន់ ដើម្បីធានាថាការសិក្សាលម្អិតខ្សែផ្លូវគម្រោងក្នុងខេត្តនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

គម្រោងនេះមានគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យកាន់តែប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់បានយូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវកាល។ តាមរយៈការវិនិយោគលើផ្លូវជនបទនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចក្នុងមូលដ្ឋានផងដែរ៕