រដ្ឋាភិបាលជប៉ុន នឹងផ្តល់ឧបករណ៍កែច្នៃកាកសំណល់​ដល់ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព​នៃការគ្រប់គ្រងសំណល់ កាត់បន្ថយបរិមាណសំរាម

06-08-2026 21:42

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាការងារជាមួយលោក KiichiI KEHARA លេខាទី១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ពាក់ព័ន្ធនឹងគម្រោង «ការគ្រប់គ្រសំណល់តាមគោលការណ៍សេដ្ឋកិច្ចវិលជុំ ក្នុងខេត្តបាត់ដំបង»។

ក្នុងជំនួបនេះ លោក KiichiI KEHARA បានបញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលជប៉ុនមានបំណងផ្តល់ឧបករណ៍កែច្នៃកាកសំណល់ដល់ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់ កាត់បន្ថយបរិមាណសំរាមត្រូវបោះចោល និងពង្រីកអាយុកាលនៃទីលានចាក់សំរាម ស្របតាមគោលការណ៍សេដ្ឋកិច្ចវិលជុំ។ ឧបករណ៍នេះគ្រោងប្រគល់ឱ្យប្រតិបត្តិករដែលមានសមត្ថភាពគ្រប់គ្រង និងអនុវត្តតាមស្តង់ដារបច្ចេកទេសជប៉ុន ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ។

ក្នុងឱកាសនោះលោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានគិតគូរ និងគាំទ្រគម្រោងដ៏មានសារៈសំខាន់នេះ។ គម្រោងនេះនឹងរួមចំណែកធ្វើឱ្យការគ្រប់គ្រងកាកសំណល់នៅខេត្តបាត់ដំបងកាន់តែមានប្រសិទ្ធភាព ពង្រីកអាយុកាលទីលានចាក់សំរាម និងលើកកម្ពស់បរិស្ថានឱ្យកាន់តែស្អាត និងមាននិរន្តរភាព។

ទន្ទឹមនឹងនេះ លោកក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងសង្ឃឹមថា គម្រោងនេះនឹងអាចដំណើរការជាក់ស្តែងនៅក្នុងខេត្តនាពេលខាងមុខ។

សូមបញ្ជាក់ថា ខេត្តបាត់ដំបងមានទីលានទុកដាក់សំរាម ស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ លើផ្ទៃដីសរុប ២០,៨ ហិកតា។ ទីលាននេះជាគម្រោងដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងត្រូវបានអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ បច្ចុប្បន្នទីលានទុកដាក់សំរាមនេះបានសាងសង់រួចរាល់ និងកំពុងដំណើរការប្រើប្រាស់ ដើម្បីគាំទ្រដល់ការគ្រប់គ្រងកាកសំណល់ក្នុងខេត្តបាត់ដំបងប្រកបដោយប្រសិទ្ធភាព៕