មន្ដ្រីជំនាញ ក.ប.ប បន្តចុះត្រួតពិនិត្យទំនិញ និងស្រង់តម្លៃនៅផ្សារទំនប់រលក ដើម្បីធានាសុវត្ថិភាពសុខុមាលភាពជូនអ្នកប្រើប្រាស់
06-08-2026 21:35
(ព្រះសីហនុ)៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ ហៅកាត់ថា (ក.ប.ប) នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញឧបភោគបរិភោគ ស្រង់តម្លៃទំនិញម្ហូបអាហារ និងផ្សព្វផ្សាយអំពីសារធាតុគីមីហាមឃាត់ នៅ ផ្សារទំនប់រលក ក្រុងព្រះសីហនុ។
កិច្ចការងារនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងដឹកនាំដោយលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប ខេត្តព្រះសីហនុ សហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្មគណៈកម្មការផ្សារលើ ការចុះធ្វើការត្រួតពិនិត្យនេះទៀតសោត គឺធ្វើឡើងដើម្បីធានាសុវត្ថិភាពសុខុមាលភាពជូនអ្នកប្រើប្រាស់។
លោក ឃុន ស៊ីម៉ន បានបញ្ជាក់ឲ្យដឹងថា សកម្មភាពការងារចុះត្រួតពិនិត្យផ្ទាល់ ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានអនុវត្តនូវកិច្ចការសំខាន់ៗរួមមាន តាមដានទីផ្សារ ពិនិត្យមើលការឡើងចុះនៃតម្លៃទំនិញនៅលើទីផ្សារ។ ក្នុងនោះក៏បានណែនាំដល់អាជីវករឱ្យរក្សាអនាម័យ និងរៀបចំដាក់តាំងលក់ម្ហូបអាហារឱ្យបានដាច់ដោយឡែកពីទំនិញប្រើប្រាស់ផ្សេងៗ ដើម្បីធានាដល់សុវត្ថិភាពម្ហូបអាហារ។
លោកប្រធានសាខាបានបន្តថា មន្រ្តីជំនាញយើងបានផ្សព្វផ្សាយដល់អាជីវករ និងអ្នកទិញអំពីផលប៉ះពាល់នៃសារធាតុគីមីហាមឃាត់មួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យដាក់បន្ថែមលើម្ហូបអាហារ។ ក្រុមការងារជំនាញបានយកសំណាកគំរូម្ហូបអាហារសរុបចំនួន ១៩មុខ មកធ្វើការពិសោធន៍តេស្តបឋម និងពិសោធន៍បន្តដូចខាងក្រោម ការធ្វើតេស្តបឋមលើរថយន្តពិសោធន៍ចល័ត (ចំនួន ៣ មុខសំខាន់ៗ)
បង្គារ (ចំនួន ៣ សំណាក) មឹក (ចំនួន ២ សំណាក) ក្បាលត្រី, ត្រីងៀត, ក្បាលត្រីហើម និងសាច់ក្រកជ្រូក។
គួរជម្រាបជូនថា ការធ្វើតេស្តបន្តនៅមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខា មីលឿង ទឹកខ្មេះ ស្ពៃជ្រក់ សណ្តែកបណ្តុះ លត បង្គុង ប្រហិតសាច់គោ ត្រសក់ និងខ្ញីហាន់។ ក្រោយពីបានធ្វើការពិសោធន៍យ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញ គឺ «ពុំឃើញមានវត្តមានសារធាតុគីមីហាមឃាត់នោះឡើយ» ដែលជាសញ្ញាបង្ហាញថាម្ហូបអាហារ និងទំនិញដែលដាក់លក់នៅផ្សារទំនប់រលកក្នុងថ្ងៃនេះ មានកម្រិតសុវត្ថិភាពល្អប្រសើរសម្រាប់អ្នកប្រើប្រាស់៕

























