ស្នងការនគរបាលខេត្តកណ្ដាល ចុះពិនិត្យតាមប៉ុស្តិ៍នានានៅស្រុកកោះធំ និងជួយបំពេញបន្ថែមនូវចំណុចខ្វះខាត និងកែលម្អឱ្យបានកាន់តែល្អប្រសើរឡើង

06-08-2026 21:44

(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យតាមបណ្ដាប៉ុស្តិ៍នានានៅក្នុងស្រុកកោះធំ ដើម្បីស្វែងយល់អំពីជីវភាពជាក់ស្តែងនៃរបៀបរបបការងាររបស់ប៉ុស្តិ៍នីមួយៗ ហើយដើម្បីជួយបំពេញបន្ថែមនូវចំណុចខ្វះខាត និងកែលម្អឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នាដែរលោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់លោកអធិការនគរបាលស្រុកកោះធំ និងលោកនាយប៉ុស្តិ៍នគរបាលចំណុះទាំង៦ ត្រូវរៀបចំកន្លែងស្នាក់នៅតាមបុស្តិ៍នីមួយៗឱ្យបានសមរម្យ និងត្រូវដាច់ដោយឡែកពីអគារបំពេញការងារ រួមទាំងដាក់កាំមេរ៉ាសុវត្ថិភាពក្នុងទីតាំងប៉ុស្តិ៍ឱ្យបានគ្រប់ៗប៉ុស្តិ៍។

លើសនេះលោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់គ្រប់ប៉ុស្តិ៍ទាំងអស់ត្រូវតែទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទោះបីជាកើតហេតុនៅក្រៅដែនសមត្ថកិច្ចរបស់ខ្លួនក៏ដោយ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគរួមមានអង្ករ ១តោន ទឹកសុទ្ធ ២០កេស មី ២០កេស ត្រីខ ១កេស រួមទាំងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់អធិការដ្ឋាននគរបាលស្រុកកោះធំផងដែរ៕