អភិបាលស្រុកស្ទោង អបអរសាទរប្រជាពលរដ្ឋឃុំចំណាលើ ចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីៗ

07-08-2026 09:31

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានសម្តែងការអបអរសាទរយ៉ាងក្រៃលែងជាមួយប្រជាពលរដ្ឋឃុំចំណាលើ ដែលបានទទួលសមិទ្ធផលសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបន្តបន្ទាប់ពីរាជរដ្ឋាភិបាល និងក្រុមការងារចុះមូលដ្ឋាន។ ការសម្តែងការសាទរបែបនេះ ធ្វើឡើងក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម ដែលជាថវិកាមូលនិធិឃុំចំណាលើ កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២៦។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះកើតចេញពីការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសនៅតាមមូលដ្ឋាន។ គម្រោងអភិវឌ្ឍន៍ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែងដូចសរសៃឈាមនេះ នឹងជំរុញសេដ្ឋកិច្ចពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ថោ ជេថា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងឯកឧត្តម ចាន់ ស៊ីណាត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ ដែលបានខិតខំកសាងអភិវឌ្ឍនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន រួមមានផ្លូវបេតុងជាង ១០គីឡូម៉ែត្រ និងប្រព័ន្ធធារាសាស្ត្រថ្មីៗផ្សេងទៀត។ ប្រព័ន្ធធារាសាស្ត្រដែលកំពុងសិក្សាបន្ថែមនេះ នឹងភ្ជាប់ពីអាងទឹក ៣០កញ្ញា ឆ្លងកាត់ឃុំព្រះដំរី ឃុំរុងរឿង ឃុំចំណាលើ រហូតដល់ឃុំចំណាក្រោម ដែលនឹងបង្កើនការស្រោចស្រពស្រែស្រូវកសិករឱ្យកាន់តែមានសុវត្ថិភាព។

លោក សាយ គឹមឡម ក៏បានជំរុញដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំណាលើ ក៏ដូចជាពលរដ្ឋទូទៅ ត្រូវនាំគ្នាខិតខំថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាល និងក្រុមការងារបានកសាងជូន។ ការមិនរំលោភដីចំណីផ្លូវ ឬចំណីប្រឡាយ គឺជារឿងសំខាន់ដើម្បីធានានូវការស្រោចស្រព និងគុណភាពសំណង់សម្រាប់ជាគុណប្រយោជន៍ប្រើប្រាស់បានយូរអង្វែងតកូនតចៅ។ គម្រោងផ្លូវក្រាលក្រួសក្រហមដែលបានបើកការដ្ឋានសាងសង់នេះ មានទំហំទឹកប្រាក់ ៣៥៩,៣០០,០០០រៀល និងមានប្រវែងផ្លូវ ៤,០៥០ ម៉ែត្រ។