ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប រៀបចំវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃព័ត៌មាន និងនៃសេចក្តីប្រកាសផ្សាយព័ត៌មាន ដើម្បីពង្រឹងសមត្ថភាពមន្ត្រី
07-08-2026 10:05
(ភ្នំពេញ)៖ ក្រុមប្រតិកម្មព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី «មូលដ្ឋានគ្រឹះនៃព័ត៌មាន និងនៃសេចក្តីប្រកាសផ្សាយព័ត៌មាន» ជូនដល់សមាជិកនៃក្រុមប្រតិកម្មព័ត៌មាន មន្ត្រី គ.ជ.ប និងមន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥ ដោយប្រព្រឹត្តទៅទាំងការចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូសន្និសីទ នៅទីស្ដីការ គ.ជ.ប។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានឧទ្ទេសដោយលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប និងលោក កែ រឹទ្ធិ អគ្គលេខាធិការរង គ.ជ.ប និងជាអនុប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងចំណេះដឹង និងជំនាញជាមូលដ្ឋានផ្នែកសារព័ត៌មាន ដើម្បីលើកកម្ពស់សមត្ថភាពរបស់មន្ត្រីក្នុងការប្រមូលព័ត៌មាន សរសេរអត្ថបទព័ត៌មាន ផលិតខ្លឹមសារផ្សព្វផ្សាយ និងអនុវត្តការងារទំនាក់ទំនងសាធារណៈប្រកបដោយវិជ្ជាជីវៈ ស្របតាមក្រមសីលធម៌សារព័ត៌មាន និងគោលការណ៍នៃការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោក ឌឹម សុវណ្ណារុំ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកព័ត៌មាន និងការឆ្លើយតបព័ត៌មាន ដើម្បីឱ្យការផ្សព្វផ្សាយព័ត៌មានរបស់ គ.ជ.ប កាន់តែមានគុណភាព តម្លាភាព និងអាចឆ្លើយតបទាន់ពេលចំពោះព័ត៌មានពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត។
ជាមួយគ្នានេះ លោក កែ រឹទ្ធិ បានធ្វើបទបង្ហាញអំពីគោលការណ៍គ្រឹះនៃវិជ្ជាជីវៈសារព័ត៌មាន បច្ចេកទេសសរសេរព័ត៌មាន និងវិធីសាស្ត្រផលិតខ្លឹមសារប្រកបដោយភាពត្រឹមត្រូវ អព្យាក្រឹត និងគួរឱ្យទុកចិត្ត ដើម្បីគាំទ្រដល់ការងារផ្សព្វផ្សាយ និងការឆ្លើយតបព័ត៌មានរបស់ គ.ជ.ប ឱ្យកាន់តែមានប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប ក្នុងការពង្រឹងធនធានមនុស្ស និងលើកកម្ពស់គុណភាពការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីគាំទ្រដល់ការអនុវត្តការងាររបស់ គ.ជ.ប ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទំនុកចិត្តពីសាធារណជន៕


















