ឧកញ៉ា តែ តាំងប៉ ដឹកនាំផ្នែកឯកជនចូលរួមកិច្ចប្រជុំក្រុមការងារ «គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមចំនួន ១៣ ចំណុច
07-08-2026 10:24
(ភ្នំពេញ)៖ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ សហប្រធានក្រុមការងារ «គ» (ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ផ្នែកឯកជន) បានដឹកនាំតំណាងផ្នែកឯកជន ចូលរួមកិច្ចប្រជុំក្រុមការងារ «គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមរបស់វិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម (SMEs) និងវិស័យសេវា។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសហប្រធានក្រុមការងារ «គ» ផ្នែករាជរដ្ឋាភិបាល ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងប្រធាន-តំណាងសមាគមជាតិ និងអន្តរជាតិ សរុបប្រមាណ ២៦០រូប។
ក្នុងមតិស្វាគមន៍ និងសេចក្តីរាយការណ៍បើកកិច្ចប្រជុំ ឧកញ៉ា តែ តាំងប៉ បានលើកឡើងថា ក្រៅពីបញ្ហាប្រឈមទាំង ១៣ ដែលបានប្រមូលផ្តុំរួចហើយ ដើម្បីឱ្យយន្តការប្រមូលផ្តុំបញ្ហា និងការដោះស្រាយមានភាពច្បាស់លាស់ ប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន លោកបានស្នើនូវគន្លឹះសំខាន់ៗបន្ថែមចំនួន ២។
ទី១៖ គឺការកំណត់ប្រព័ន្ធ «ច្រកចេញចូលតែមួយ» (Single Entry Point) ដោយស្នើឱ្យរាល់បញ្ហាប្រឈម និងសំណើទាំងអស់របស់វិស័យឯកជន មិនថាមកពីសមាគមជាតិ ឬអន្តរជាតិ ត្រូវបញ្ជូនមកកាន់ក្រុមការងារ «គ» ផ្នែកឯកជន ដែលមានសភាពាណិជ្ជកម្មកម្ពុជា ដើរតួនាទីជាស្ថាប័នសម្របសម្រួល ដើម្បីប្រមូលផ្តុំ ចងក្រង និងលើកយកមកពិភាក្សាក្រោមយន្តការផ្លូវការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (Government-Private Sector Forum: G-PSF)។
ទី២៖ គឺការពង្រឹងការតាមដាន និងការផ្សព្វផ្សាយ ដោយស្នើឱ្យបង្កើតក្រុមការងារបច្ចេកទេសតូចៗ ឬកំណត់កាលវិភាគប្រជុំតាមដានជាប្រចាំ ដើម្បីជំរុញការដោះស្រាយបញ្ហាទាំង ១៣ ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ទន្ទឹមនឹងនេះ លោកក៏បានស្នើឱ្យក្រសួងពាក់ព័ន្ធ និងសភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំវគ្គតម្រង់ទិស ឬសិក្ខាសាលាផ្សព្វផ្សាយរួមគ្នា អំពីបទប្បញ្ញត្តិ ច្បាប់ និងនីតិវិធីថ្មីៗ ដើម្បីជួយឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) មានការយល់ដឹងកាន់តែច្បាស់ និងជៀសវាងការប្រព្រឹត្តខុសដោយអចេតនា។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមដែលជាកង្វល់របស់វិនិយោគិន និងអ្នកធុរកិច្ចក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម ព្រមទាំងវិស័យសេវា។
ក្នុងកិច្ចប្រជុំ ភាគីពាក់ព័ន្ធបានពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗចំនួន ១៣ រួមមាន៖ ការនាំចូលអំបិលពីបរទេសសម្រាប់កែច្នៃ និងវេចខ្ចប់ក្នុងស្រុក, នីតិវិធីផាកពិន័យលើការគ្រប់គ្រងកាកសំណល់ និងអនាម័យក្នុងសហគ្រាស, ការស្នើសុំអាជ្ញាបណ្ណពីក្រសួងពាក់ព័ន្ធ, លក្ខខណ្ឌទទួលបានកម្ចីពីធនាគារ SME Bank, ការអនុគ្រោះពន្ធលើតម្លៃបន្ថែម (VAT) សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP), ការស្នើសុំ QIP សម្រាប់គម្រោងវិនិយោគធំៗ, បញ្ហាខ្វះប្រភពទុនសម្រាប់ការកែច្នៃគ្រាប់ស្វាយចន្ទី, ការប្រើប្រាស់ប្រព័ន្ធ Hotline 1266 របស់ក្រសួងពាណិជ្ជកម្ម, បញ្ហាតម្លៃអគ្គិសនីខ្ពស់, ការអភិវឌ្ឍសមត្ថភាព MSMEs, កង្វះកម្លាំងពលកម្មជំនាញ, ការអនុវត្តស្តង់ដារផលិតផល និងបរិវត្តកម្មឌីជីថល ព្រមទាំងបញ្ហាការប្រកួតប្រជែងក្នុងទីផ្សារ។
កិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ក្នុងការស្វែងរកដំណោះស្រាយជាក់ស្តែង ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច បង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានចីរភាព៕















