មន្ទីរបរិស្ថានខេត្តរតនគិរី បន្តពង្រឹងការងារអភិរក្ស និងលើកកម្ពស់បរិស្ថានស្អាត តាមរយៈយុទ្ធសាស្ត្រចក្រា

07-08-2026 11:10

(រតនគិរី)៖ ក្នុងខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តរតនគិរី បានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រា ដើម្បីភាពស្អាត និងភាពបៃតង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារធនធានធម្មជាតិ និងលើកកម្ពស់អនាម័យបរិស្ថានក្នុងខេត្ត។

ក្នុងអំឡុងពេលមួយខែនេះ ក្រុមការងារល្បាតបានចុះប្រតិបត្តិការចំនួន ១២០លើក ដោយបានបង្ក្រាបបទល្មើសសរុប ២៩ករណី និងដកហូតវត្ថុតាងមួយចំនួន។ ក្នុងចំណោមបទល្មើសទាំងនោះ រួមមានបទល្មើសព្រៃឈើ ២ករណី បទល្មើសកាប់រានដីព្រៃ ២៥ករណី ស្មើនឹងទំហំ ១៤០.៩២ហិកតា និងបទល្មើសសត្វព្រៃ ២ករណី។

ជាមួយគ្នានេះ មន្ទីរបរិស្ថានខេត្តបានកសាងសំណុំរឿងប្តឹងទៅតុលាការចំនួន ១៧ករណី និងបានបំភ្លឺសវនាការ ឬដីកាបង្គាប់ ១៣ករណី ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តច្បាប់។

ទន្ទឹមនឹងការងារបង្ក្រាបបទល្មើស មន្ទីរបរិស្ថានខេត្តក៏បានយកចិត្តទុកដាក់លើការងារលើកកម្ពស់ភាពស្អាត ដោយបានសហការ និងសម្របសម្រួលជាមួយសាលារៀន រដ្ឋបាលក្រុង-ស្រុក ភូមិ-ឃុំ-សង្កាត់ និងវត្តអារាម ចូលរួមអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» សរុប ២៩ទីតាំង ស្មើនឹង ៧៩លើក ដែលមានអ្នកចូលរួមសរុប ១៣,៣៥៦នាក់។

លើសពីនេះ ក្រុមការងារក៏បានអនុវត្តយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» សរុប ៣០ទីតាំង ស្មើនឹង ១៤លើក ដែលមានអ្នកចូលរួមសរុប ១,២០៤នាក់។ សកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសកម្មក្នុងការអប់រំ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃបរិស្ថានស្អាត និងបៃតង៕