អាជ្ញាធរជាតិអប្សរា បន្តកិច្ចការស្រាវជ្រាវ និងអភិរក្សកុលាលភាជន៍បុរាណ ដើម្បីបន្សល់ទុកជាភស្តុតាងប្រវត្តិសាស្ត្រ
07-08-2026 13:06
(សៀមរាប)៖ កុលាលភាជន៍ គឺជាភស្តុតាងបង្ហាញពីការរីកចម្រើន ផ្នែកឧស្សាហកម្មផលិតកុលាលភាជន៍ នៅសម័យអង្គរ។ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃធ្វើពីដីដុត ដែលទទួលបានពីការកំណាយសិក្សាស្រាវជ្រាវ ជួសជុលប្រាសាទ និងបុរាណដ្ឋានមួយចំនួន ជាភស្តុតាងប្រវត្តិសាស្ត្រ មានដូចជា ចាន ឆ្នាំង ផើង ក្អម ខួច កោដ្ឋ កែវ ជើងក្រាន ក្បឿង និងគ្រឿងលម្អក្បូរក្បាច់រចនាផ្សេងៗទៀត ប្រកបដោយការច្នៃប្រឌិតរបស់បុព្វបុរសខ្មែរ បានចាក់គ្រឹះ និងបន្សល់ទុកដល់អ្នកជំនាន់ក្រោយ។
ការិយាល័យស្រាវជ្រាវ នៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានភារកិច្ចសិក្សាស្រាវជ្រាវ និងអភិរក្សវត្ថុបុរាណ។ បើយោងតាមអ្នកជំនាញនៃការិយាល័យស្រាវជ្រាវ បានលើកឡើងអំពីបច្ចេកទេសអភិរក្សកុលាលភាជន៍បុរាណ គឺត្រូវលាងសម្អាតបែងចែកតាមប្រភេទ ចុះបញ្ជី គូរគំនូសបង្កើតរូបរាងកុលាលភាជន៍ឡើងវិញ ជួសជុល និងអភិរក្ស។
អំបែងកុលាលភាជន៍បុរាណទាំងឡាយដែលបែក សម្អាតធូលី ត្រាំទឹកដកជាតិអំបិលដោយប្រើទឹកចម្រោះដែលគ្មានជាតិរ៉ែ ហើយត្រូវជ្រើសរើស កាវបិទប្រភេទ Epoxy (2-part epoxy) សម្រាប់កុលាលភាជន៍រឹង ឬប៉កសឺឡែន និងជ្រើសរើសកាវ B72+B48 លាយជាមួយ Acetone ដែលមានសីតុណ្ហភាពទាបសម្រាប់បិទកុលាលភាជន៍ផុយ។
អ្នកជំនាញអាជ្ញាធរជាតិអប្សរាមិនត្រឹមតែធ្វើកំណាយសិក្សាស្រាវជ្រាវ ជួសជុលប្រាសាទ និងបុរាណដ្ឋាន ទុកជាភស្តុតាងប្រវត្តិសាស្រ្តប៉ុណ្ណោះទេ ក៏តែងតែធ្វើការផ្សព្វផ្សាយទូលំទូលាយ ជូនដល់មហាជនទូទៅ ដើម្បីស្វែងយល់អំពីបុរាណវត្ថុ តាមរយៈការបើកវគ្គបណ្តុះបណ្តាល ស្រាវជ្រាវ អនុវត្តផ្ទាល់របស់សិស្សានុសិស្ស និងការរៀបចំពិព័រណ៍បង្ហាញ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ អំពីការផលិតនិងប្រើប្រាស់កុលាលភាជន៍នៅតំបន់អង្គរ ព្រមទាំងដាក់តាំងបង្ហាញនៅសារមន្ទីរកុលាលភាជន៍អង្គរភូមិតានី ឱ្យសាធារណជនបានយល់ដឹង និងចូលរួមថែរក្សាមរតកបុរាណ៕




























