រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត (Video inside)

07-08-2026 14:32

(ភ្នំពេញ)៖ លោក Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រី​ការ​ពារជាតិម៉ាឡេស៊ី បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ​ការ​ពារជាតិជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

លោករដ្ឋមន្ត្រីបានប្តេជ្ញាបែបនេះ ធ្វើឡើងក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នា​វិ​មាន​សន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានសម្ដែងការវាយ​តម្លៃ​ខ្ពស់​ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដោយ​បានគូសបញ្ជាក់ថា កម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ​ និងគួរឱ្យទុកចិត្ត។ លោក បាន​បន្តថា ដំណើរទស្សនកិច្ចរបស់លោកនាពេលនេះ នឹងចូលរួមចំណែក​កាន់តែ​សំខាន់ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគី និងប្រែក្លាយការប្ដេជ្ញាចិត្តឱ្យទៅជា​សកម្ម​ភាពជាក់ស្ដែង សំដៅបន្តពូនជ្រំកិច្ចសហប្រតិបត្តិការ​ម៉ាឡេស៊ី-កម្ពុជា ឱ្យ​កាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យការពារជាតិ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី​ បានជម្រាបសម្ដេចមហាបវរធិបតី អំពីលទ្ធផល​ប្រកប​ដោយផ្លែផ្កា នៃកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ។ ទន្ទឹមគ្នានេះ លោក​រដ្ឋមន្ត្រី​ ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី​ ក្នុងការ​បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា​ និងពិនិត្យលទ្ធភាពស្វែងរកកិច្ច​សហ​ប្រតិ​បត្តិការ​ ដែលពាក់ព័ន្ធ​នឹងប្រតិបត្តិការរក្សាសន្តិភាព,​ ការឆ្លើយតបនឹងបញ្ហាសន្តិ​សុខមិនមែនប្រពៃណី,​ សន្តិសុខលំហសមុទ្រ និងការអភិវឌ្ឍសមត្ថភាពលើ​បច្ចេក​វិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យការពារជាតិ​ជាដេីម។

សម្ដេចមហាបវរធិបតី បានសម្ដែងការស្វាគមន៍ និងការពេញចិត្តចំពោះវឌ្ឍន​ភាព​នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបាន​វាយ​តម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន​ នៃកិច្ចសហ​ប្រតិបត្តិ​ការ​ រវាងប្រទេសទាំងពីរ​ ដែលសម្រេចបានកន្លងមក ជាពិសេសក្នុងវិស័យការពារជាតិ។

សម្ដេចមហាបវរធិបតី បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ​ចំពោះ​ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងការ​ពារជាតិ​នៃ​ប្រទេស​ទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះ ​សម្ដេចមហាបវរធិបតី ក៏បានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានចូលរួម​យ៉ាងសកម្ម​ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ នាពេលកន្លងមក ព្រម​ទាំងការដឹកនាំ​ និងបន្តចូលរួមយ៉ាងសំខាន់ក្នុងយន្តការក្រុមអ្នកសង្កេតការណ៍​អាស៊ាន (AOT) នៅកម្ពុជា។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកទឹកចិត្តឱ្យក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងស្អិតរ​មួត​បន្ថែមទៀត។​ បន្ថែម​ពីនេះសម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការពារ​ជាតិម៉ា​ឡេស៊ី ក៏បានពិភាក្សា​ និងផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់​ និងអន្តរជាតិមួយ​ចំនួនដែរ។

ក្នុងជំនួបនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបរដ្ឋមន្ត្រីការពារ​ជា​តិ​ម៉ាឡេស៊ី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់​អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះ​ស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោម​តាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់​រវាងប្រទេស​ទាំងពីរ៕