លោក សួស សុខដារ៉ា អំពាវនាវថ្នាក់ដឹកនាំ សមាជិកក្រុមការងារ និងប្រជាពលរដ្ឋទាំងអស់នៅស្រុកគូលែន បន្តរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ

07-08-2026 14:39

(ព្រះវិហារ)៖ លោក សួស សុខដារ៉ា ប្រធានក្រុមការងារគណបក្សខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកគូលែន នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៣វត្ត នៅទូទាំងស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីរួមចំណែកទំនុកបម្រុងវិស័យព្រះពុទ្ធសាសនា និងលើកស្ទួយប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តពោធិ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ លោក សួស សុខដារ៉ា បានថ្លែងនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណបក្សខេត្ត និងលោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណបក្សខេត្ត ប្រគេនដល់ព្រះសង្ឃ ពុទ្ធបរិស័ទ ដែលមានព្រះវត្តមាន និងវត្តមាននៅក្នុងពិធីនេះ។

លោក សួស សុខដារ៉ា បានថ្លែងបន្តទៀតថា៖ ការប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុជារៀងរាល់ឆ្នាំ គឺជាទំនៀមទម្លាប់ដ៏ប្រពៃរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានប្រតិបត្តិបន្តតាំងពីបុរាណកាលមក ហើយជាការបង្ហាញពីសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងការរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា។

លោកបានថ្លែងលើកឡើងទៀតថា៖ បច្ចុប្បន្ន ប្រទេសកម្ពុជាយើងកំពុងទទួលបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលបានធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនជាបន្តបន្ទាប់ ដោយវត្តអារាមជាច្រើនត្រូវបានកសាង និងជួសជុល ព្រះសង្ឃមានលក្ខខណ្ឌល្អប្រសើរក្នុងការបំពេញពុទ្ធកិច្ច និងផ្សព្វផ្សាយព្រះធម៌ដល់ពុទ្ធបរិស័ទ។

លោកបានថ្លែងបញ្ជាក់ថា៖ សមិទ្ធផលទាំងនេះ គឺកើតចេញពីការខិតខំរក្សាសុខសន្តិភាព និងការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការបន្តដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមទាំងការយកចិត្តទុកដាក់លើការអភិរក្ស និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ជាមួយគ្នានោះ លោកបានថ្លែងអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិកក្រុមការងារ និងប្រជាពលរដ្ឋទាំងអស់ បន្តរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបន្តចូលរួមគាំទ្រ និងលើកស្ទួយព្រះពុទ្ធសាសនា ដើម្បីឱ្យវិស័យនេះបន្តរីកចម្រើន និងដើរតួនាទីជាប្រភពនៃការអប់រំសីលធម៌ គុណធម៌ និងសាមគ្គីភាពក្នុងសង្គមកម្ពុជារបស់យើង៕