ប្រតិភូក្រសួងមហាផ្ទៃ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាល និងប្រជាការពារ ដែលបានពលីជីវិតក្នុងបេសកកម្ម នៅស្រុកវាលវែង

07-08-2026 14:39

(ពោធិ៍សាត់)៖ ប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី លោក ញឹក បានខេង អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រតិភូអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព និងនាំយកនូវសារលិខិត ព្រមទាំងថវិកាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព លោកនាយប៉ុស្តិ៍ មន្ត្រីនគរបាលរដ្ឋបាល និងប្រជាការពារ ទាំង៥រូប ដែលបានពលីជីវិត ក្នុងពេលបំពេញបេសកកម្ម អន្តរាគមន៍បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការសម្តែងនូវការសោកស្តាយ និងក្តីរន្ធត់ចិត្តជាទីបំផុត ពីសំណាក់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះក្រុមគ្រួសារសពនីមួយៗ ដោយបានចាត់ទុកថា ការបាត់បង់កងកម្លាំងនគរបាលជាតិ និងបងប្អូនប្រជាការពារទាំង៥រូប គឺជាការបាត់បង់នូវធនធានមនុស្សដ៏មានតម្លៃបំផុត ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងជីវិត ដើម្បីបុព្វហេតុការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ។

តាងនាមឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យើងខ្ញុំសូមសម្តែងនូវក្តីរំជួលចិត្ត និងសោកស្តាយជាទីបំផុត ព្រមទាំងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាលោះអាល័យយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារ និងសាច់ញាតិៃនៃសពទាំងអស់។ ការពលីជីវិតរបស់ពួកគាត់ គឺជាវីរភាពដ៏ឧត្តុង្គឧត្តម ដែលប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលនឹងមិនបំភ្លេចឡើយ។

នាឱកាសដ៏ឈឺចាប់ និងក្រៀមក្រំនោះដែរ ថ្នាក់ដឹកនាំក៏បានរៀបចំ ពិធីបំពាក់ឋានន្តរស័ក្តិជូនដល់នាយប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ដែលបានពលីជីវិត ជាកិច្ចបច្ឆាមរណៈ ដើម្បីជាការឆ្លើយតប និងលើកតម្លៃចំពោះគុណបំណាច់ ការលះបង់ និងស្នាដៃដ៏ធំធេង ក្នុងការបំពេញភារកិច្ចការពារជាតិ និងសន្តិសុខសង្គមផងដែរ។

គួរជម្រាបជូនថា ករណីបំផ្ទុះគ្រាប់បែកដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង០០នាទីល្ងាច ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចអូរបាយក្រៀម ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីប្រពន្ធជនសង្ស័យបានដាក់ពាក្យប្ដឹងមកកាន់លោកមេប៉ុស្តិ៍អូរសោម ពាក់ព័ន្ធនឹងករណីប្ដីឈ្មោះ អែម ដុំ បានប្រើអំពើហិង្សាវាយដំមកលើខ្លួន។

ភ្លាមនោះ លោកអនុសេនីយ៍ឯក សោម រ៉ា នាយប៉ុស្តិ៍ បានដឹកនាំកម្លាំងនគរបាល និងប្រជាការពារសរុបចំនួន ៧នាក់ ចុះអន្តរាគមន៍ទាន់ពេលវេលា។ ប៉ុន្តែពេលសមត្ថកិច្ចចូលរួមអន្តរាគមន៍ឃាត់ខ្លួន ជនសង្ស័យបានធ្វើសកម្មភាពគំរាមកំហែង និងសម្រេចចិត្តទាញគ្រាប់បែកបោកបំផ្ទុះខ្លួនឯង បណ្តាលឱ្យបាត់បង់ជីវិតមនុស្សសរុបចំនួន៦នាក់ រួមទាំងជនសង្ស័យ និងរបួសធ្ងន់ម្នាក់៖

ទី១-លោកអនុសេនីយ៍ឯក សាម រ៉ា (នាយប៉ុស្តិ៍) - ពលី
ទី២-លោកអនុសេនីយ៍ត្រី សូ សុវណ្ណារិទ្ធ (មន្ត្រីប៉ុស្តិ៍) - ពលី
ទី៣-លោក ជន ប្រិម (ប្រជាការពារ) - ពលី
ទី៤-លោក សុខ អាន (ប្រជាការពារ) - ពលី
ទី៥-លោក ចិន្តា (ប្រជាការពារ) - ពលី
ទី៦-ឈ្មោះ អែម ដុំ (ជនសង្ស័យ) - ស្លាប់
ទី៧-លោក វ៉ី វឿន (ប្រជាការពារ) - រងរបួសធ្ងន់ (កំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ)៕